លោកសុខ សម្បត្តិ ! មន្ត្រីខណ្ឌ សង្កាត់ ត្រូវសហការគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ដល់សាលារដ្ឋ គ្រិះស្ថានអប់រំ ឲ្យបាន២ដងក្នុង១សប្តាហ៍

0
293

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខណ្ឌ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង បានណែនាំដល់មន្ត្រីសាលាខណ្ឌ សង្កាត់ ត្រូវសហការគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ដល់សាលារដ្ឋ គ្រិះស្ថានអប់រំ ១សប្តាហ៍ឲ្យបាន២ដងគឺថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ពេលដែលគោរពទង់ជាតិ ដើម្បីឲ្យបានដឹងកាន់តែច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ហើយយើងទាំងអស់គ្នា ទាំងកម្លាំងមានសមត្ថកិច្ចត្រូវកុំ៣ជាមួយគ្រឿងញៀន គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង បើមន្ត្រីណាតេស្តរកឃើញសារធាតុញៀន គឺត្រូវដកតំណែង និងបញ្ឈប់ហើយ។

លោកអភិបាលខណ្ឌបន្តថា សូមកុំប្រងើយកន្តើយឲ្យសោះ ចំពោះបញ្ហាគ្រឿងញៀន យើងទាំងអស់គ្នា ទាំងថ្នាក់ភូមិរហូត សង្កាត់ ខណ្ឌ ព្រមកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងនោះដែរបច្ចប្បន្នបើមន្ត្រី ឬកងកម្លាំងណាពាក់ព័ន្ធនិងគ្រឿងញៀនគឺត្រូវបញ្ឈប់ពីតួនាទីតែម្តង។ ព្រោះថាបើយើង មិនតឹងរ៉ឹងទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ គ្រឿងញៀន វានិងរីករាលដាលពាសពេញ ក្នុងមូលដ្ឋាន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។

ដើម្បីទប់ស្កាត់ បញ្ហានេះឲ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌ បានបញ្ជាឲ្យមន្ត្រីខណ្ឌ សង្កាត់ ទាំង៧ បង្កើតក្រុមការងារ ហើយកំណត់គោលដៅ ក្នុងមូលដ្ឋាន ឲ្យបានច្បាស់លាស់ អំពីផ្ទះសំណាក់ ខុនដូ សណ្ឋាគារ ហាងបញ្ចាំ ក្លិបកំសាន្ត ក្លិបបៀរ៍ហ្គាឌិននិងតាមខារ៉ាអូខេ ដើម្បីចុះត្រួតពិនិត្យធ្វើកំណត់ហេតុ តាមដានវាយតម្លៃ និងចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ចំពោះបញ្ហា គ្រឿងញៀន ទោះជាមិនបានបំបាត់ទាំងស្រុង ក៏ឲ្យបានកាត់បន្ថយជាបណ្ដើរៗ ដែរ។

លោកសុខ សម្បត្តិ បញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាបោសសម្អាតគ្រឿងញៀន ចេញពីកងកម្លាំង ជារឿងដែលត្រូវធ្វើមុនគេ ហើយអ្នក ដែលជាប់ពាក់ព័ន្ធ គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌតែម្តង បន្ទាប់មកគឺដល់មន្ត្រីស៊ីវិលហើយ។ លោកបន្តថា បើមានមន្ត្រីណាជាប់ពាក់ព័ន្ធត្រូវប្រញាប់ដកខ្លួនចេញ រីឯអ្នកមានសារធាតុញៀន ត្រូវប្រញាប់ ធ្វើការបន្សាបដោយខ្លួនឯង បើទោះបីជាការ អនុវត្តចំពោះមន្ត្រីស៊ីវិល មិនទាន់កំណត់ក៏ដោយ ព្រោះវិធានកាបើមានមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាណាតេស្តរកឃើញសារធាតុញៀន គឺត្រូវដកតំណែង និងបញ្ឈប់តែម្តង។

ជាចុងក្រោយប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានណែនាំដល់កងកម្លាំងកងរាជធាវុធហត្ថ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌ ពិសេសគណៈបញ្ជាឯកភាពសង្កាត់ទាំង៧ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារយាមល្បាតក្នុងមូលដ្ឋាន ហើយលោកក៍បានដាក់បញ្ជាដល់អភិបាលរងខណ្ឌ ត្រូវពង្រឹងការឆែកឆេអាវុធជាតិផ្ទុះ តាមវេននិង កម្លាំងដែលបានបែងចែកស្រាប់ ទៅតាមគោលដៅពិសេសនៅតំបន់ដែលស្មុគស្មាញ ដែលជនល្មើសអាចធ្វើការឆ្លងកាត់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុព្រោះខែនេះជាខែក្តៅ៕

Facebook Comments
Loading...