បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង បើកបញ្ច្រាសផ្លូវជ្រុលទៅបុកចំពីមុខម៉ូតូដែលជិះគ្នា២នាក់ បណ្តាលឲ្យម្នាក់ស្លា..ប់ និងម្នាក់ទៀតរងរបួសស្រាល

0
143

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង ហើយបើកបញ្ច្រាសផ្លូវជ្រុលបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បានបោ.កក្បាលនៅនឹងផ្លូវ ស្លា..ប់ ភ្លាមៗ ចំណែកក្មេងប្រុសម្នាក់ទៀត រួមដំណើរជាមួយរងរបួសស្រាល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហិន សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរអ្នកលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះក្នុងភូមិអង្គ សង្កាត់កំបូល មានស្រុកកំណើតនៅខេត្តស្វាយរៀង ចំណែកក្មេងប្រុសម្នាក់ទៀត រួមដំណើរជាមួយរងរបួសស្រាល មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាវ៉ែវពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BY-0633 ជិះដោយបុរសរងគ្រោះម្នាក់ បានឌុបក្មេងប្រុសម្នាក់ទៀតពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1DO-8269 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចមកកើតទាំងបញ្រ្ចាសផ្លូវ មកបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លា..ប់ និងក្មេងប្រុសម្នាក់ទៀត រួមដំណើរជាមួយរងរបួសស្រាល ហើយភ្លាមនោះដែរសមត្ថកិច្ចក៏បានចុះមកដល់ឃាត់ម្ចាស់ម៉ូតូឌ្រីមសង់ យកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់កំបូល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញចរាចរណ៍ខណ្ឌកំបូល ចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏ទាក់ទងទៅខាងចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...