ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធបង្កគ្រោះថ្នាក់ ចរាចរណ៍ជាបន្តបន្ទាប់ ហើយបើករត់គេច ទៅបុកបង្គោលភ្លើងថ្ម កាលពីម៉ោង២០និង៣០នាទី នារាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
ផេកស្នងការរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ កុម្ភៈ បានឲ្យដឹងពីហេតុការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍បង្កដោយជនជាតិចិន និងវៀតណាមថា នារាត្រីថ្ងៃ១៤ កុម្ភៈដែលជាទិវានៃក្តីស្រឡាញ់ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តម៉ាក Lexus GS300 ពណ៌ ស ពាក់ផ្លាកលេខ 2AF-1927 មានគ្នា៤នាក់ ស្រី២នាក់ បានប៉ះជាមួយ រថយន្តម៉ាកToyota Prius ពណ៌ ស នៅចំណុចវត្ត បុទុមវត្តី កែងផ្លូវ២៤០ រួចបើករថយន្តបើកគេច មកដល់ចំណុច ស្តុបផ្សារដើមគរ បានប៉ះជាមួយ រថយន្ត ១គ្រឿងទៀត ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ ហើយបើកគេចរហូត ដល់ចំណុចស្តុបណប្រីដ លើផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លើងថ្ម បណ្តាលឲ្យខូចខាត រថយន្តធ្ងន់ធ្ងរ មិនអាចបន្តដំណើរទៅមុខបាន៕