នៅរសៀលថ្ងៃពុធ(២៤មករា)នេះ តុលាការថៃនឹងសម្រេចថាតើ បេក្ខភាពនាយករដ្ឋមន្ត្រីថៃដ៏មានប្រជាប្រិយភាព បានល្មើសនឹងច្បាប់បោះឆ្នោតឬយ៉ាងណា? 

0
368

បរទេស ៖ តុលាការថៃនៅរសៀលថ្ងៃពុធ(២៤មករា)នេះ នឹងសម្រេចថាតើ លោកPita Limjaroenrat បេក្ខភាពនាយករដ្ឋមន្ត្រីថៃដ៏មានប្រជាប្រិយភាព បានល្មើសនឹងច្បាប់បោះឆ្នោតសម្រាប់ការបោះឆ្នោតសាកលនៅប្រទេសថៃឆ្នាំ២០២៣ឬយ៉ាងណា?។

លោក Pita Limjaroenrat ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនិងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលករណីនេះសម្រាប់ប្រទេសថៃត្រូវចាត់ទុកថាបានល្មើសនិងច្បាប់បោះឆ្នោត ហើយអាចនឹងបាត់បង់អាសនៈសមាជិកសភាថែមទៀតផង ។ លោក Pita ជាអ្នកនយោបាយថៃវ័យក្មេងទទួលបានការអប់រំពីមហាវិទ្យាល័យHarvard លោក បានចូលរួមឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ ប៉ុន្តែតំណែងជានាយករដ្ឋមន្ត្រីរបស់លោកត្រូវខកខានដោយសារលោកមិនទទួលបានការគាំទ្រពេញលេញពីសមាជិកសភាជាសម្ព័ន្ធនឹងក្រុមយោធាដែលស្មោះនឹងមហាក្សត្រថៃ។

លោក Pita បានការពារខ្លួននៅចំពោះមុខតុលាការធម្មនុញ្ញថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលលោកកាន់កាប់ភាគហ៊ុននោះ បានបាត់បង់សម្បទានផ្សព្វផ្សាយរបស់ខ្លួននៅឆ្នាំ២០០៧ ដែលនេះមានន័យថា ក្រុមហ៊ុនមួយនេះមិនអាចចាត់ទុកថាជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឡើយ។

គណបក្សឆ្ពោះទៅមុខ(Move Forward Party) របស់លោក Pita បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន ដែលទទួលបានការគាំទ្រច្រើនពីយុវជននិងពលរដ្ឋនៅទីក្រុង ក្រោមយុទ្ធនាការបោះឆ្នោតរបស់លោកដោះស្រាយបញ្ហាអាជីវកម្មផ្តាច់មុខ និងកែទម្រង់ច្បាប់ប្រមាថមហាក្សត្រ។

តុលាការថៃដដែល នៅសប្តាហ៍ក្រោយនិងសម្រេចថាតើ ផែនការរបស់គណបក្សMove Forward ក្នុងការកែច្បាប់ប្រមាថព្រះមហាក្សត្រ ផ្ទុយនឹងរដ្ឋធម្មនុញ្ញឬទេ? ហើយដូចនឹងទៅការប៉ុនប៉ងផ្តួលរំលំរបបប្រជាធិបតេយ្យរដ្ឋាភិបាលមានមហាក្សត្រជាប្រមុខរដ្ឋឬយ៉ាងណា?។

 

Facebook Comments
Loading...