អាណាព្យាបាល គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាព សិស្ស ឲ្យពួកគេ ទទួលបានជោគជ័យក្នុងការសិក្សា

0
381

ភ្នំពេញ ៖ ក្នុងឱកាសសំណេះសំណាល ជាមួយសិស្សានុសិស្ស និង មាតាបិតាអាណាព្យាបាល ក្នុងពិធី ប្រគល់រង្វាន់លើកទឹកចិត្ត និង បណ្ណសរសើរ ជូនដល់សិស្សពូកែ ឆ្នាំសិក្សា២០២២-២០២៣នាព្រឹកថ្ងៃទី២០ខែវិច្ឆិកា នេះនៅសាលាបឋមសិក្សាបឹងប្រិយ ក្នុងសង្កាត់ពន្សាំង លោក ឃុត ឃី ប្រធានគណៈកម្មាការគ្រប់គ្រង សាលាបឋមសិក្សាបឹងប្រិយ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្ស ទាំងអស់សូមចូលរួមតាមដាន និងជំរុញកូចៅរបស់ខ្លួន ឲ្យខិតខំរៀនសូត្របន្ថែមនៅផ្ទះ ព្រោះអាណាព្យាបាល គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាព សិស្ស ឲ្យពួកគេ ទទួលបានជោគជ័យក្នុងការសិក្សា។

លោក បានលើកឡើងថា សាលារៀន និងអាណាព្យាបាល គឺជាដៃគូមិនអាចខ្វះបាន ត្រូវតែផ្សាភ្ជាប់គ្នា មានទំនាក់ទំនងជាមួយគ្នា មិនអាចផ្ដាច់ចេញពីគ្នាបានទេ។ ព្រោះថាការអប់រំកុមារ បើគ្រាន់តែផ្ដល់ឲ្យគេនូវការរៀនសូត្រនៅសាលា មិនទាន់គ្រប់គ្រាន់ទេ គឺ ត្រូវមានការចូលរួមពីឪពុកម្ដាយអាណាព្យាបាល និងបរិស្ថានជុំវិញខ្លួនទៀត ទើបកុមារទទួលបាន ការរីកចម្រើនល្អ។

លោកបានបន្ដថា ក្រៅពី លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀននៅសាលា មាតាបិតាមានតួនាទីសំខាន់បំផុត ក្នុងការ អភិវឌ្ឍកុមារ នៅពេលដែលគេត្រឡប់ទៅផ្ទះវិញ ព្រោះមាតាបិតា នេះហើយជាអ្នកតាមដាន និងបំពេញ នូវចំណុចខ្វះខាតដើម្បីឲ្យកុមារទទួលបានលទ្ធផលល្អក្នុងការសិក្សា។ក្រៅពីនេះមាតាបិតាអាណាព្យាបាល ក៏ត្រូវ ចូលរួមក្នុងការអភិវឌ្ឍសមិទ្ធិផលនានាក្នុងសាលា ផងដែរ។

ក្នុងឱកាសនោះ លោកនេត តុងហាក់ ចៅរងទី១សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានផ្តាំផ្ញើរដល់សិស្សា នុសិស្ស ទាំងអស់ ទាំងសិស្សជ័យលាភី និងសិស្ស មិនទទួលបានលទ្ធផលល្អក្ដី ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេចខ្លួន ត្រូវព្យាយាមក្នុងការសិក្សា ទើបបានសម្រេចលទ្ធផលល្អ ដូចពាក្យចាស់ថា ទូកពឹងច្រវ៉ា ការសិក្សាពឹងលើការព្យាយាម ដូចនេះក្មួយៗត្រូវខិតខំព្យាយាមរៀនសូត្រតាំងពីថ្នាក់ក្រោម បើយើងមិនមានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមទេ ទៅថ្នាក់លើយើងមិនអាចចាប់បាន ដែលអាចឲ្យយើងបោះបង់ការសិក្សាក៏ថាបាន។

បើតាម លោក ឌិន វ៉ាត នាយកសាលាបឋមសិក្សាបឹងប្រីយ៍បានឲ្យដឹងថា សាលាបឋមបឹងប្រីយ៍ មានអគារ សិក្សា២ខ្នង ស្មើនឹង១០បន្ទប់ ក្នុងនោះមានបណ្ណាល័យ១បន្ទប់ និងទីចាត់ការ១បន្ទប់ មានបុគ្គលិក១២នាក់សិស្ស សរុប៨០៨នាក់ សិស្សស្រី ៣៧៤នាក់  មកពីបណ្ដាភូមិចំនួន៨ក្នុងសង្កាត់ពន្សាំង។ សព្វថ្ងៃនេះសាលាមានបញ្ហាប្រឈម១ចំនួន ដោយខ្វះខាតអគារសិក្សា ខ្វះគ្រូបង្រៀន ខ្វះទឹកស្អាតប្រើប្រាស់ ដោយសារសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះលោក នាយកសាលា បានសំណូមពរ ដល់ក្រសួងអប់រំយុវជននិងកីឡា និងស្ថាបន័ពាក់ព័ន្ធ សូមមេត្តាជួយកសាង អាគារសិក្សា និងផ្ដល់គ្រូដល់សាលាបឋមសិក្សាបឹងប្រីយ៍ផង ព្រោះបច្ចុប្បន្ននេះ សិស្សមានការកើនឡើងខ្លាំង ធ្វើឲ្យការរៀន និងការបង្រៀននៅទីនេះ ប្រព្រឹត្តិទៅ មិនបានរលូនទៅតាមក្រឹត្យក្រមនៃគរុកោសល្យ។  លោកនាយកបានឲ្យដឹងដែរថា កន្លងមកលោក ធ្លាប់បានស្នើសុំដោយផ្ទាល់ទៅឯកឧត្តម បណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុន ម្ដងហើយ ដោយលោកបានអនុញ្ញាតិ និងបានបញ្ជាឲ្យធ្វើពាក្យសើ្នឡើងទៅ ផ្នែកជំនាញនៃក្រសួងអប់រំរួចហើយ តែកន្លងផុតជាច្រើនឆ្នាំ រហូតមកទល់ពេលនេះ គឺនៅតែបាត់ដំណឹងសូន្យឈឹង៕

Facebook Comments
Loading...