បរទេស ៖ ឥណ្ឌា ជាមហាយក្សសេដ្ឋកិច្ចថ្មីទាំងក្នុងកម្រិតតំបន់ ក៏ដូចជាពិភពលោក និងកំពុងសន្ទុះយ៉ាងខ្លាំងធៀបទាំងជាមួយនឹងអាមេរិក និងចិនផងដែរ ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះ ឥណ្ឌា និងកាណាដា បានធ្លាក់ចូលក្នុងវិបត្តិការទូតដែលមិនធ្លាប់មានពីមុនមក និងអាចមានផលវិបាកទាំងផ្នែកនយោបាយ ឬអាចក្លាយទៅជាបញ្ហាភូមិសាស្ត្រនយោបាយថ្មីមួយទៀតក្នងនាមជាមហាអំណាចដ៏សំខាន់ទាំង២របស់ពិភពលោក។
មួយរយៈចុងក្រោយនេះថ្វីត្បិតតែឥណ្ឌាមិនសូវរងផលប៉ះពាល់ដោយសារភូមិសាស្ត្រនយោបាយរវាងអាមេរិក-ចិន ឬរុស្ស៊ី និងអ៊ុយក្រែនក្តី ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថាឥណ្ឌាហាក់ដូចជាកំពុងធ្លាក់ចូលក្នុងបញ្ហាភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនមួយជាមួយនឹងមហាអំណាចសេដ្ឋកិច្ចកាណាដា។
ភាពតានតឹងរវាងប្រទេសកាណាដា និងឥណ្ឌា បានឈានដល់កម្រិតថ្មីជាមួយដូចជាការបណ្តេញចេញមន្ត្រីការទូតរវាងគ្នា ជាពិសេសការចោទប្រកាន់ចុងក្រោយមួយដោយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ពីការចូលរួមរបស់រដ្ឋាភិបាលឥណ្ឌាក្នុងផែនការសម្លាប់សកម្មជន ជនជាតិ Sikh នៅលើទឹកដីកាណាដា។