ប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ជម្រុញឱ្យគ្រប់ផ្នែកបន្តពង្រឹងលើវឌ្ឍនភាពឡើងវិញ នៅក្រោយការបោះឆ្នោត

0
306

ភ្នំពេញ ៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានជម្រុញឱ្យមន្រ្តីគ្រប់ផ្នែកក្នុងខណ្ឌបន្តកិច្ចខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារក្នុងមូលដ្ឋានឱ្យបានកាន់តែប្រសើរថែមទៀតលើការងារ សន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ទប់ស្កាត់នូវរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ឬអាក់អន់ស្រពន់ចិត្ត ដោយធានាឱ្យបាននូវការរស់នៅប្រកបដោយភាពកក់ក្តៅ។

លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណបញ្ជាការឯកភាពខណ្ឌបានជម្រុញបែបបនេះ នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខណ្ឌកាលពីរសៀលថ្ងៃទី០៨ខែសីហាឆ្នាំ២០២៣ បន្ទាប់មន្រ្តីទាំងអស់ បានហត់នឿយក្នុងការបំពេញការងារបំរើឱ្យ មុន និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះយ៉ាងមមាញឹក។

ជាមួយគ្នានោះលោកអភិបាលបានជម្រុញឱ្យសមត្ថកិច្ចគ្រប់ផ្នែកបន្តសហការរឹតបណ្តឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូល ដោយចុះពិនិត្យ និងល្បាតជាប្រចាំនៅតាមវត្តអារាម ឬដីទំនេរ និងដីមួយចំនួន ដែលងាយឱ្យក្មេងទំនើង ក្រុមបងតូចបងធំប្រព្រឹត្តគ្រឿងញៀន ឬ ធ្វើសកម្មភាពល្មើសណាមួយ បង្ករការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះក៏ត្រូវសហការជាមួយកម្លាំងពាក់ព័ន្ធគ្រប់គ្រងគោលដៅ ដែលមានការសង្ស័យថា មានការជួញដូរឬប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន ដោយដាក់ការសង្ស័យ កំណត់មុខសញ្ញា ជាពិសេសជនបរទេសដែលស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់និងខុនដូរនានាឱ្យបានជាក់លាក់ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងនិងទប់ស្កាត់។

ជាមួយគ្នានោះ លោក សុខ សម្បត្តិ ក៏បានជម្រុញឱ្យមន្រ្តីជំនាញយកចិត្តទុកដាក់គ្រប់គ្រងការប្រមូលសំរាម ការថែរក្សាអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អ ដោយបន្តអប់រំ ណែនាំដល់ក្រុមហ៊ុន និងភ្នាក់ងារប្រមូលសំរាម តាមសង្កាត់ឱ្យចុះត្រួតពិនិត្យ និងរាយការពីកន្លែងដែលអសកម្មក្នុងការប្រមូលសំរាមមករដ្ឋបាលខណ្ឌ ដើម្បីមានវិធនាការឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក៏សុំកិច្ចសហការពីពលរដ្ឋ បន្តរៀបចំទុកដាក់សំរាមដោយវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងយកមកដាក់ ឱ្យបានទៀងទាត់តាមពេលម៉ោង ដើម្បីឱ្យក្រុមអ្នកប្រមូលសំរាមយកចេញ។

លោកសុខ សម្បត្តិ ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលប្រកបការលក់ដូរ យ៉ាអនាធិបតេយ្យនៅខាងមុខមន្ទីរពេទ្យ មិត្តភាពកម្ពុជា សូវៀត(ពេទ្យរុស្ស៊ី) ដោយសហការជាមួយអាជ្ញាធរសុំឱ្យផ្លាស់ប្តូរទីតាំងលក់ទៅតាមការកំណត់របស់មន្ទីរពេទ្យ ដូចដែលបានជម្រាប់ជូនជាច្រើនលើក នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាបាលខណ្ឌរួចហើយ ដើម្បីសោភ័ណភាពមន្ទីរពេទ្យផង និង សណ្តាប់ធ្នាប់តាមផ្លូវសាធារៈផងដែរ។

ក្រៅពីនេះ លោកប្រធានគណបញ្ជាការខណ្ឌ ក៏សុំឱ្យមន្រ្តីមានសមត្ថកិច្ច មានការទប់ស្កាត់ឱ្យបានចំពោះជនអនាថា អ្នកសុំទាន នៅតាមភ្លើងស្តុបនានា និងនៅតាមផ្សារ ដែលធ្វើសកម្មភាពបង្ករឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវប្រមូលយកគាត់ទៅអប់រំ ណែនាំ និងកុំឱ្យមានតទៅទៀត៕

Facebook Comments
Loading...