ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល ខណ្ឌបឹងកេងកង និងភរិយា ថ្នាក់ដឹកនាំ រួមនិង មន្ត្រីក្រោមឱវាទ នៃសាលាខណ្ឌបឹងកេងកង បាននាំយកទៀនព្រះវស្សា បច្ច័យ និង ទេយ្យវត្ថុមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន ២នៅក្នុងខណ្ឌបឹងកេងកង គឺវត្ត លង្កា និង មហាមន្ដ្រី ក្នុងឱកាសនៃពិធីបុណ្យ តាមបែបព្រះពុទ្ធសាសនា មានរយៈពេល៣ខែនេះ។
ពិធីនេះបានធ្វើឡើង ដាច់ដោយឡែក ពីគ្នា នៅព្រឹកថ្ងៃទី០៣ សីហាឆ្នាំ ២០២៣ ក្នុងបរិវេណវត្ត ទាំង២ ដែល គ្រឿងចំណាំវស្សា ទាំងនោះ ក្នុងវត្តនិមួយៗ ទទួលបាន ទៀនព្រះវស្សា១គូ ទឹកបរិសុទ្ធ៦កេស មី៥កេស ទឹកផ្លែឈើ៥កេះ អង្ករ៥០គីឡូក្រាម ព្រមទាំង បច្ច័យ៥០ម៉ឺនរៀល។
តាមទំនៀមនៃ ពិធីបុណ្យចូលព្រះវស្សាបានកំណត់នូវពេលវេលា រយៈពេល៣ខែ គឺ ចាប់ពីថ្ងៃ១រោជ ខែអាសាធរហូតដល់ ថ្ងៃ១៥កើតខែអស្សុជ ទៅតាម ពុទ្ធបញ្ញត្តិដែលតម្រូវឲ្យព្រះសង្ឃគ្រប់អង្គ គង់ក្នុងទីអារាម ដើម្បី សិក្សា រៀនសូត្រ បដិបត្តិ ធ៌មវិន័យ សមា្មធិបញ្ញា ដោយមិនអាចចាកចេញទៅកាន់ទីកន្លែងដទៃលើស ពី១រាត្រីឡើយ។ ចំពោះព្រះសង្ឃអង្គណា ដែលមិនបានកាន់ព្រះវស្សាបានត្រឹមត្រូវ នឹងត្រូវអាបត្តិ ដោយមិនអាចទទួល សង្ឃលាភតាមរយៈអង្គ កឋិនទានបាន ឡើយ។ ម្យ៉ាងទៀត ក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាគ្រឿង ចាំបាច់បំផុត ជាទានដ៏ប្រពៃ ដែលអ្នកធ្វើទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ។
លោក សុខ សម្បត្តិ មានប្រសាសន៍ថា ដោយសារ១រយៈចុងក្រោយនេះ លោកជាប់រវល់នឹងយុទ្ធនាការឃោសនាបោះឆ្នោត និង បោះឆ្នោត ធ្វើឲ្យយឺតពេលបន្ដិចក្នុងការនាំយកទ័យវត្ថុមកប្រគេនដល់ព្រះសង្ឃ តែក្នុងនាមជាពុទ្ធសានិកជន ជាអ្នកគោរព ប្រតិបត្តិព្រះពុទ្ធសាសនា គឺមិនអាចលះបង់កតព្វកិច្ចនេះបាន ឡើយ។ ជាមួយនេះ លោក អភិបានខណ្ឌ បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទទាំងអស់ សូមរួបរួមគ្នា ក្នុងទឹកចិត្តជ្រះថ្លាប្រកបដោយស្មារតីសាមគ្គីភាព ចូលរួមជាសម្ភារៈនិងបច្ច័យទៅតាមលទ្ធភាពរៀងៗខ្លួនដើម្បី ជួយទ្រទ្រង់ដល់ជីវភាព ព្រះសង្ឃក្នុងរដូវវស្សា ដែលមានការ លំបាកក្នុងការធ្វើគោចរទៅបិណ្ឌបាត្រនៅទីឋានផ្សេងៗ ដើម្បីព្រះសង្ឃ មានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ធ៌មអាថ៌ បានពេញរិបូណ៌។ ហើយម្យ៉ាងវិញទៀត ក៏ជាការ បង្ហាញពីការរួបរួមសាមគ្គីគ្នារវាង អាជ្ញាធរនិងប្រជាពលរដ្ឋ ព្រះសង្ឃ និងគ្រហស្ថ ដែលជួយលើកតម្កើងដល់វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សានៅឆ្នាំនេះ មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី០២ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៩ខែតុលាឆ្នាំ២០២៣៕