រដ្ឋបាលខណ្ឌបឹងកេងកង គ្រោងដំណើរការ ជួសជុលកែលម្អផ្លូវ ជាបឋម និង បន្ដពង្រឹង ការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន

0
333

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា រដ្ឋបាលខណ្ឌបឹងកេងកងនឹងធ្វើការជួសជុលកែលម្អ ផ្លូវ ដែលមានលក្ខណៈ គ្រហីកគ្រហុក សំបុកមាន់ជាបឋម ឲ្យបានល្អប្រសើរនឹងទៅតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ។

លោក សុខ សម្បត្តិ បានលើកឡើងថា តាមពិត សំណើជួសជុលកែលម្អផ្លូវនេះ រដ្ឋបាលខណ្ឌ បានស្នើសុំជាលាយល័ក្ខអក្សរ ទៅគណៈអភិបាលរាជធានីភ្នំពេញរួចហើយ តែគម្រោងនេះមិនទាន់ធ្លាក់។ ដើម្បីសម្រួលការលំបាកចំពោះមុខ លោកបានស្នើសុំកៅស៊ូ ពីក្រសួងសាធារណៈការ បានចំនួន៥តោន ដែលអាចជួសជុលកែលម្អ ផ្លូវដែលខូចខាត ក្នុងមូលដ្ឋាន ជាបឋមសិន ដើម្បីសម្រួលចរាចរ បងប្អូនប្រជាពលរដ្ឋ១គ្រាសិន ទម្រាំគម្រោងធ្លាក់មកពីសាលារាជធានីភ្នំពេញ។

ជាមួយនេះ លោកបានណែនាំដល់ការិយាល័យសាធារណៈការខណ្ឌ ដែលជាអង្គភាពជំនាញ សូមរៀបចំ ចាត់ចែងគ្រឿងឧបករណ៍សម្ភារៈ ជាបន្ទាន់ ដើម្បីដំណើរការជួសជុលកែលម្អផ្លូវជាបឋមនេះ ឲ្យបានឆាប់ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះសម្ភារៈយើងមានសព្វគ្រប់អស់ហើយ។

ក្រៅពីការងារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ  លោក អភិបាលខណ្ឌបឹងកេងកង ក៏បានលើកឡើងផងដែរ ពីការងារដែលរដ្ឋបាលខណ្ឌអនុវត្តបាន និង កំពុង ខិតខំប្រឹងប្រែងអនុវត្តបន្ដពិសេស បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ លោកបានបញ្ជាក់ថា ដោយសាររដូវនេះជារដូវភ្លៀង លោកបានណែនាំឲ្យកងកម្លាំងត្រូវធ្វើការល្បាតឲ្យបានជាប្រចាំ ក្នុងនោះមានរថយន្ដគណៈបញ្ជាការឯកភាព ខណ្ឌ រថយន្ដអធិការដ្ឋាន និង បញ្ជាការដ្ឋានខណ្ឌ រួមជាមួយនឹងម៉ូតូផងដែរ។ ព្រោះថាក្នុងមូលដ្ឋាន ពុំមានបទល្មើសជាដុំកំភូន ប៉ុន្ដែ បទល្មើសឆក់នៅតែកើតមាននៅឡើយ ដូចនេះទាមទារឲ្យយើងទាំងអស់គ្នា បន្ដប្រឹងប្រែងទប់ស្កាត់ ដើម្បីឃាត់ឲ្យបាន ជនល្មើសយកទៅផ្ដន្ទាទោសទៅតាមច្បាប់។

ចំណែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អប្រសើរនាពេលកន្លងមក ពិសេស នៅក្នុងឱកាស នៃយុទ្ធនាការបោះឆ្នោត និង បោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ កន្លងផុតទៅថ្មីៗនេះ តែទោះជាជាយ៉ាងនេះក្ដី លោកសូមឲ្យបន្ដការយកចិត្តទុកដាក់លើការងារនេះ បន្ថែមទៀត។ ក្នុងឱកាសនោះក៏មានការប្រកាសចូលកាន់តំណែងនូវមន្ដ្រីរដ្ឋបាលខណ្ឌចំនួន១៤រូបផងដែរ៕

Facebook Comments
Loading...