រដ្ឋបាលខណ្ឌបឹងកេងកង ចាប់ផ្តើមជួសជុលកែលម្អផ្លូវ ជាបឋមនៅផ្លូវគ្រហីកគ្រហុក សំបុកមាន់ ដោយលុបបំបាត់ឲ្យអស់ ក្នុងមូលដ្ឋានខណ្ឌទាំងមូល

0
326

ភ្នំពេញ ៖ ដោយគោរពតាមអានុសាសន៍របស់លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចាប់ផ្តើមធ្វើការជួសជុលកែលម្អ ផ្លូវ ដែលមានលក្ខណៈ គ្រហីកគ្រហុក សំបុកមាន់ជាបឋម ឲ្យបានល្អប្រសើរនឹងទៅតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ។

លោក មាស សំបូរ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង បានប្រាប់ឲ្យដឹងថា ការដាក់ចេញនូវគម្រោងជួសជុលនេះ ដោយគោរពតាមអានុសាសន៍របស់លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង ដែលតម្រូវឲ្យកម្លាំងយើងជួសជុលកែលម្អ ផ្លូវ ដែលមានលក្ខណៈ គ្រហីកគ្រហុក សំបុកមាន់ជាបឋម ដែលមានក្នុងខណ្ឌទាំងអស់ មិនត្រូវឲ្យកើតមានទៀតឡើយ។

ប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង បានបន្តឲ្យដឹងទៀតថា បើតាមលោក សុខ សម្បត្តិ បានមានប្រសាសន៍លើកឡើងកាលពីកន្លងមកថ្មីនេះថា តាមពិត សំណើជួសជុលកែលម្អផ្លូវនេះ រដ្ឋបាលខណ្ឌ បានស្នើសុំជាលាយល័ក្ខអក្សរ ទៅគណៈអភិបាលរាជធានីភ្នំពេញរួចហើយ តែគម្រោងនេះមិនទាន់ធ្លាក់ ។ ដើម្បីសម្រួលការលំបាកចំពោះមុខ លោកបានស្នើសុំកៅស៊ូ ពីក្រសួងសាធារណៈការ បានចំនួន៥តោន ដែលអាចជួសជុលកែលម្អ ផ្លូវដែលខូចខាត ក្នុងមូលដ្ឋាន ជាបឋមសិន ដើម្បីសម្រួលចរាចរ បងប្អូនប្រជាពលរដ្ឋ១គ្រាសិន ទម្រាំគម្រោងធ្លាក់មកពីសាលារាជធានីភ្នំពេញ។

ជាមួយនេះ លោកបានណែនាំដល់ការិយាល័យសាធារណៈការខណ្ឌ ដែលជាអង្គភាពជំនាញ សូមរៀបចំ ចាត់ចែងគ្រឿងឧបករណ៍សម្ភារៈ ជាបន្ទាន់ ដើម្បីដំណើរការជួសជុលកែលម្អផ្លូវជាបឋមនេះ ឲ្យបានឆាប់ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះសម្ភារៈយើងមានសព្វគ្រប់អស់ហើយ។

លោកមាស សំបូរ បានបញ្ជាក់ថា គម្រោងជួសជុលកែលម្អផ្លូវដែលមានលក្ខណៈ គ្រហីកគ្រហុក សំបុកមាន់ជាបឋម នេះគឺយើងចាប់ផ្តើមជួសជុលចាប់ពីកែងផ្លូវ៣១០ រហូតតទៅគ្រប់ផ្លូវទាំងអស់ដែលមានគ្រហីកគ្រហុក សំបុកមាន់៕

Facebook Comments
Loading...