លោក Medvedev បានលើកឡើងថា មានលក្ខខណ្ឌមួយចំនួននេះដែលអាចនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

0
321

បរទេស ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានចេញមកបញ្ជាក់ប្រាប់សារព័ត៌មាន TASS អំពីលក្ខខណ្ឌមួយចំនួនដែលអាចនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ លោក Medvedev បានលើកឡើងថា “គ្រោះថ្នាក់តែមួយគត់ដែលអាចនឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែរ គឺនៅពេលដែលសហរដ្ឋអាមេរិកសម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសប៉ូឡូញ ដូច្នេះអាវុធរបស់រុស្ស៊ីនឹងត្រូវដាក់ចេញមកឲ្យប្រើប្រាស់ហើយ”។

ទន្ទឹមនោះ ការអះអាងរបស់អតីតប្រធានាធិបតីរូបនេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ប្រកាសចង់ចូលរួមក្នុងកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ ចំពេលដែលរុស្ស៊ីមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរទៅកាន់ប្រទេសបេឡារុស។

បន្ថែមពីនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្លាប់បានប្រកាសហើយកាលពីថ្ងៃទី២៥ ខែមីនាថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ដូចដែលសហរដ្ឋអាមេរិកបានធ្វើបែបនេះជាយូរមកហើយ នៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូក៏បានផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ Iskander ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសបេឡារុសផងដែរ ខណៈកាលពីថ្ងៃទី១៦ ខែមិថុនា លោក Putin បាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងគេរបស់រុស្ស៊ី ត្រូវបានបញ្ជូនទៅប្រទេសបេឡារុសរួចហើយ ហើយក្បាលគ្រាប់ដែលនៅសល់នឹងមកដល់មុនដំណាច់ឆ្នាំនេះ ៕

Facebook Comments
Loading...