ក្រុមប្រឹក្សាខណ្ឌបឹងកេងកង សរសើរ រដ្ឋបាលខណ្ឌ លើការងារសន្ដិសុខសណ្ដាប់ធ្នាប់ នាពេលកន្លងមក

0
386

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អប្រសើរនាពេលកន្លងមក។ តែទោះជាជាយ៉ាងនេះក្ដី លោកសូមឲ្យបន្ដការយកចិត្តទុកដាក់បន្ថែមទៀត លើការងារនេះពិសេស នៅក្នុងឱកាស នៃការបោះឆ្នោតជ្រើសតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ ហើយបើតាម ប្រតិទិនរបស់ គ ជ ប គឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនាបោះឆ្នោតនឹងឈានចូលមកដល់។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា បញ្ហាសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាចំបងជាងគេ ក្នុងចំណោមភារកិច្ចជាច្រើនទៀតដែលរដ្ឋបាលខណ្ឌត្រូវទទួលខុសត្រូវ។ ដូចនេះហើយបានជា រដ្ឋបាលខណ្ឌ តែងតែបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានសហការ ក្នុងការ ការពារសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ជូនភ្ញៀវជាតិ អន្ដរជាតិ ថ្នាក់ដឹកនាំកំពូល ព្រមទាំងប្រជាពលរដ្ឋ អស់ពីកម្លាំងកាយចិត្ត។

ទន្ទឹមគ្នានេះដែរ លោក អភិបាលខណ្ឌបាន ក្រើនរំលឹកដល់ កំលាំងរដ្ឋបាលខណ្ឌ ពិសេសកម្លាំង នគរបាល កងរាជធាវុហត្ថ សណ្ដាប់ធ្នាប់ និង ប្រជាការពារក្នុងមូលដ្ឋាន ត្រូវបន្ដកិច្ចសហការបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើសទាំឡាយ ដើម្បីការពារ សន្ដិសុខក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។

លោកបានលើកឡើងទៀតថាថ្វីដ្បិតក្នុងមូលដ្ឋានយើង ពុំមាន អំពើចោរកម្មធំដុំ ប៉ុន្ដែនៅក៏មានបទលើ្មស ឆក់ទូរសព័្ទ ឆក់ខ្សែ ក បញ្ហាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ជាដើម ដែល ទាមទារឲ្យយើងទាំងអស់គ្នា បន្ដប្រឹងប្រែងទប់ស្កាត់ ដើម្បីឃាត់ឲ្យបាន ជនល្មើសយកទៅផ្ដន្ទាទោសទៅតាមច្បាប់។

ទន្ទឹមនឹងការពង្រឹងសន្ដិសុខ ក្នុងមូលដ្ឋាន លោក អភិបាលខណ្ឌ ក៏បានលើកឡើង ប្រសាសន៍សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានថ្លែង ពីសភាពការនៅព្រំដែនកម្ពុជាវៀតណាម ដែលកន្លងមក មានយន្ដហោះត្រូនគ្មានមនុស្សបើក ហោះចូលមកក្នុងទឹកដីកម្ពុជា រំលោភលើអធិបតេយ្យភាពកម្ពុជា ដូចនេះសម្ដេចបានបញ្ជា ឲ្យសួងការពារជាតិ ចាត់វិធានការទប់ស្កាត់ បាញ់កំទេច ដ្រូនទាំងនោះឲ្យខាងតែបាន ដោយមិន បណ្ដោយឲ្យ ខ្មាំងសត្រូវ មករំលោភលើដែនអធិបតេយ្យរបស់កម្ពុជាបានឡើយ។

លោក សុខ សម្បត្តិបន្ដថា កងកម្លាំងកងទព័ជាតិ យកចិត្តទុកដាក់ការពារព្រំដែន ការពារទប់ស្កាត់ខ្មាំង ពីខាងក្រៅ។ រីឯយើងជាអាជ្ញាធរ ថ្នាក់ក្រោមជាតិ នៅតាមមូលដ្ឋាន ត្រូវការពារសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដោយផ្ដើមចេញពីសន្ដិសុខ ចាប់ពីគ្រួសារតូចទៅ រហូតដល់សហគមន៍ ឆ្ពោះទៅរកភាពសុខសាន្ដ ក្នុងសង្គមជាតិទាំងមូល៕

 

 

Facebook Comments
Loading...