លោក ឃ្លាំង ហួត ! បងប្អូនប្រជាពលរដ្ឋត្រូវគិតពិចារណាកុំយកប័ណ្ណកម្មសិទ្ធិ ទៅដាក់ធានាគរ ដើម្បីទិញរបស់ឡូយឆាយឲ្យសោះ

0
228

ភ្នំពេញ ៖ លើកឡើងក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិថ្នល់បន្ទាយ និងភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតពិចារណាយកប័ណ្ណកម្មសិទ្ធិ ទៅដាក់ធានាគរ គឺដើម្បីរកស៊ីល្អ កុំយកប័ណ្ណកម្មសិទ្ធិ ទៅដាក់ធានាគរ ដើម្បីទិញរបស់ឡូយឆាយឲ្យសោះ។

លោកបន្តថា កិច្ចការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ ដោយសារតែកត្តាសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ នៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា។ ដែលការចុះបញ្ជីកម្មសិទ្ធដីធ្លីនាពេលនេះ គឺជាប្រវត្តិសាស្ត្រនៃកម្ពុជា ដោយមិនធ្លាប់មានសម័យណា ដែលធ្វើកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ដូចសម័យ សម្ដេចតេជោ ហ៊ុន សែន នេះទេ។

លោកអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានច្បាស់លាស់ មានប្រសិទ្ធិភាព និងមានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពលើដីធ្លី។ ប្រការនេះ គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិ ប្រកបដោយចិរភាព និងសុខដុមរមនា។

ចំណែកលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ និងជាប្រធានវាល បានឲ្យដឹងថា ភូមិថ្នល់បន្ទាយ និងភូមិបឹងប៉ិច ក្នុងសង្កាត់ពន្សាំង ត្រូវបានកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ ចុះបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លី បន្ទាប់ពីបានចុះវាស់វែង នាពេលកន្លងមក។ ការបិទផ្សាយទិន្នន័យក្បាលដី ដែលទើបចុះបញ្ជី នៅភូមិទាំង២ នាពេលនេះ ក្នុងគោលដៅឲ្យបងប្អូនម្ចាស់ដីទាំងអស់ មកពិនិត្យមើលឈ្មោះម្ចាស់ ដី អក្ខរាវិរុទ្ធ ប្រភេទទ្រព្យ និងទំហ៊ុំដី។ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋណាមិនយល់ ឬសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធ និងក្បាលដីរបស់ខ្លួន បងប្អូនមានសិទ្ធិ សុំឲ្យមន្ត្រីជំនាញពន្យល់ បំភ្លឺ ខ្លឹមសារ ទិន្នន័យក្បាលដី ផ្តល់ដំណឹងដល់គណៈកម្មាការរដ្ឋបាល នូវរាល់ការជំទាស់របស់ខ្លួន ដើម្បីពិនិត្យនិងធ្វើការកែតំរូវ។

លោកបញ្ជាក់ថា ការបិទផ្សាយនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅ ថ្ងៃអាទិត្យ ឬបុណ្យទានឡើយ។ ហើយផុតរយៈពេលកំណត់ នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងធ្វើការបូកសរុប លើទិន្នន័យទាំងនោះ ហើយលើកសំណើផ្តល់សិទ្ឋិលើអចលនវត្ថុ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ ) ជូនអ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់៕

Facebook Comments
Loading...