លោកដូណាល់ ត្រាំ ​​​ថាការ​ចោទ​ប្រកាន់​នេះ​ គឺ​ជារឿងក្លែងបន្លំ ​និង​ជារឿង​នយោបាយ​ ហើយ​ថា​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេសពុក​រលួយ

0
450

បរទេស ៖ បន្ទាប់ពីបានបង្ហាញខ្លួនក្នុងតុលាការនៃទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃអង្គារទី១៣ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយមិនសារភាពទោសកំហុសទេ ក្នុងការចោទប្រកាន់លាក់បាំងឯកសារសម្ងាត់របស់រដ្ឋាភិបាល ហើយ​ថា ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេសពុក​រលួយ។

លោក ត្រាំ បានប្រឈមមុខនឹងបទល្មើសចំនួន៣៧ រួមទាំងការលាក់បាំងឯកសារការពារជាតិ សមត្ថភាពយោធារបស់ប្រទេសផ្សេងៗ និងអាថ៌កំបាំងនុយក្លេអ៊ែរផងដែរ។ ជាមួយគ្នានេះ លោក​បាន​ក្លាយ​ជាអតីត​ប្រធានាធិបតី​អាមេរិកទី១ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សហព័ន្ធ។ កាលពីខែសីហាឆ្នាំមុន ភ្នាក់ងារ FBI បានរឹបអូសឯកសាររាប់រយ ពីអចលនទ្រព្យរបស់លោក នៅរដ្ឋ Florida។

បន្ទាប់​ពី​សវនាការ លោក ត្រាំ បាន​ដើរ​ចេញ​ពី​តុលាការ ឆ្ពោះ​ទៅ​ភោជនីយដ្ឋាន​មួយ ​ដើម្បី​ជួប​ជាមួយ​​អ្នក​គាំទ្រ​របស់​លោក។ លោក​​និយាយ​ថា ​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជារឿងក្លែងបន្លំ ​និង​ជារឿង​នយោបាយ​ ហើយ​ថា ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេសពុក​រលួយ។

ក្នុងនោះ លោកបានចោទប្រកាន់ថា ប្រធានាធិបតី ចូ បៃដិន បានរៀបចំឆាកល្ខោននេះ ដើម្បីធ្វើឲ្យខូចដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។

គួរបញ្ជាក់ថា នេះគឺ​ជា​លើក​ទី​២​ហើយក្នុង​ឆ្នាំ២០២៣ ដែលលោក ត្រាំ បានឡើងតុលាការ។ កាលពីខែមេសា លោកបានសារភាពថា មិនមានទោសកំហុសនៅក្នុងទីក្រុងញូវយ៉ក ចំពោះការចោទប្រកាន់ ទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ ទៅឲ្យតារាអាសអាភាសម្នាក់៕

 

Facebook Comments
Loading...