អតីតសិស្ស សាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ ជួបជុំគ្នាលើកដំបូងធ្វើពិធីបុណ្យ រំលឹកគុណគ្រូ

0
401

បន្ទាប់ពីបានបែកគ្នាអស់រយៈពេលជាង៣០ឆ្នាំ តាំងពីឆ្នាំ១៩៩០មក អតីតសិស្ស សាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ ជំនាន់ទី១ ដែលបច្ចុប្បន្ន ជាវិទ្យាល័យ ហ៊ុនសែនអង្គស្នួល ប្រមាណជាង៦០នាក់ ដែលកំពុងបំពេញការងារ និងរស់នៅ តាមបណ្ដា ខេត្ត ផ្សេងៗ និងរាជធានីភ្នំពេញ និងមានអ្នកខ្លះរស់នៅក្រៅប្រទេសផងនោះ បានជួបជុំគ្នាកាលពីចុងសប្ដាហ៍កន្លងទៅ នៅភូមិ ព្រៃរមាស១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យ រំលឹកគុណដល់លោកគ្រូ អ្នកគ្រូ របស់ខ្លួន ដែលធ្លាប់បានបង្ហាត់បង្រៀនដល់ពួកគេ។

លោក ឃុត ឃី តំណាងអតីតសិស្សសាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ មានប្រសាសន៍ថា លោកមានភាពរីករាយជាខ្លាំង ដែលអតីតសិស្ស សាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ ជំនាន់ទី១មួយចំនួនធំ បានជួបជុំគ្នា ធ្វើពិធីបុណ្យរំលឹកគុណគ្រូនាពេលនេះ។  លោក បានបញ្ជាក់ថា ការជួបជុំគ្នា នេះ មានអត្ថន័យយ៉ាងធំធេងសម្រាប់យើងទាំងអស់គ្នា ដើម្បីរំលឹកឡើងវិញនូវ អនុស្សាវរីយ៍ជាច្រើន មានភាពកម្សត់កម្រជាមួយគ្នា ដែលបានកើតឡើងរាប់មិនអស់ ក្នុងអំឡុងពេលសិក្សា  ហើយក៏ជាឱកាសក្នុងការកសាង ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាមួយគ្នាឡើងវិញ ជាពិសេសគឺដើម្បី ប្រមូលមូលនិធិ ជួយដល់លោកគ្រួ អ្នកគ្រួ ជាការតបស្នងសងគុណដល់ពួកគាត់ ដែលបច្ចុប្បន្ននេះពួកគាត់ មានវ័យចំណាស់ និងបានចូលនិវត្តន៍ទៅហើយនោះ។ ជាមួយគ្នានេះ ពួកយើងក៏បានរួមគ្នាធ្វើពិធីបុណ្យឧទ្ទិសកុសល្យ ដល់លោកគ្រូ អ្នកគ្រូ និងសិស្ស១ចំនួន ដែលបានចែកដ្ឋានទៅសូមវិញ្ញាណក្ខន្ធ លោក អ្នកទាំងនោះបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

លោក ឃុត ឃី បានបញ្ជាក់ថា លោកគ្រូអ្នកគ្រូគឺជាមាតាទី២របស់សិស្ស ពួកគាត់ជាអ្នកអប់រំទូន្មាន ប្រៀន ប្រដៅ ឲ្យយើងទាំងអស់គ្នាបានចេះដឹង ។នៅពេលដែលពួកយើងកំពុងសិក្សា នៅសាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ ពីឆ្នាំ១៩៨៧ដល់ ឆ្នាំ១៩៩០   ក្នុងនាមជាគ្រូបង្រៀន ពួកគាត់បានខិតខំតស៊ូយ៉ាងខ្លាំងក្នុងការបង្ហាត់បង្រៀនសិស្ស ដោយបានធ្វើដំណើររាប់សិបគីឡូម៉ែត្រ ដោយសារផ្ទះលោកគ្រូនៅតាមបណ្ដាស្រុកនានា ឆ្ងាយពី សាលា លោកបានធ្វើដំណើរដោយជិះកង់និង មានលោកគ្រូខ្លះបានស្នាក់នៅវត្ត ដើម្បីមកបង្ហាត់សិស្សដោយមិនដែលគិតពីការនឿយហត់ ហើយអ្វីដែលសិស្សរួមគ្នាធ្វើគឺមិនសក្ដិសមនឹងការខិតខំរបស់លោកគ្រូ អ្នកគ្រូ ឡើយ។

លោកគ្រូ ប៉ែន សេដ្ឋា តំណាង អតីត លោកគ្រូអ្នកគ្រូសាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ បានថ្លែងអំណរគុណដល់អតីតសិស្សសាលាមធ្យមសិក្សាកំរិត២ស្រុកភ្នំពេញទាំងអស់ដែលបានរួមសាមគ្គីគ្នាធ្វើកម្មវិធីនេះឡើង ទោះជាយឺតពេលបន្ដិចក្ដី តែលោកគ្រូមានមោទនភាពបំផុត និងរំភើបរហូត ស្រក់ទឹកភ្នែក ចំពោះទង្វើរបស់សិស្សទាំងអស់គ្នា។លោកបានចាត់ទុកថាទង្វើ នេះគឺជាគំរូដ៏ប្រពៃសម្រាប់សិស្សជំនាន់ក្រោយៗនិង សម្រាប់មនុស្ស ទូទៅក្នុងសង្គម។

បើតាម គណៈកម្មការរៀបចំកម្មវិធីនេះ បានឲ្យដឹងថា បើពុំមានឧបសគ្គអ្វីមករាំងស្ទះទេ អតីតសិស្ស សាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ និងរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ព្រមទាំងបង្កើតមូលនិធិ ដើម្បីជួយដល់អតីតលោកគ្រូអ្នកគ្រូដែលមានបញ្ហាសុខ ភាព ឬទទួលមរណៈភាពផងដែរ។

ក្នុងឱកាសនោះ អតីតសិស្ស សាលាមធ្យមសិក្សាកំរិត២ ស្រុកភ្នំពេញ បានផ្ដល់ជូន នូវសម្ភារៈនិងថវិកា១ចំនួន លោកគ្រូ អ្នកគ្រូ របស់ខ្លួន ចំនួន១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ផ្ដិលប្រាក់១ ផ្លែឈើ១កន្ដ្រក និងថវិកាចំនួន៨០ម៉ឺនរៀល៕

 

Facebook Comments
Loading...