រដ្ឋាភិបាលហ្វីលីពីនបានប្រកាសទីតាំងចំនួន៤បន្ថែមទៀត អោយយោធាអាមេរិកប្រើប្រាស់ ដើម្បីទប់ទល់នឹងប្រទេសចិន

0
310

ភ្នំពេញ ៖ សេចក្តីប្រកាសកាលពីថ្ងៃចន្ទទី០៣ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសទីតាំងចំនួន៤បន្ថែមទៀតនៅក្នុងប្រទេស ដែលនឹងត្រូវប្រើប្រាស់ដោយយោធាអាមេរិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីទប់ទល់នឹងប្រទេសចិន តែយ៉ាងណា មេដឹកនាំហ្វីលីពីនមួយចំនួន ស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យយោធាអាមេរិកពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសផងដែរ។

សេចក្តីប្រកាសនេះកើតឡើង ក្រោយពេលប្រទេសទាំង២ បានឯកភាពគ្នាកាលពីខែកុម្ភៈក្នុងការទុកទីតាំងចំនួន៤បន្ថែមទៀតសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងទ្វេភាគី។

ក្នុងចំណោមទីតាំងទាំងបួននោះ គឺមានទាំងមូលដ្ឋានទ័ពជើងទឹក កងទ័ពជើងគោក និងអាកាសយានដ្ឋានស៊ីវិលផងដែរ ដោយស្ថិតនៅភាគខាងជើងកោះ Luzon ជិតច្រកសមុទ្រតៃវ៉ាន់។ទីតាំងមួយទៀត គឺស្ថិតនៅលើកោះភាគខាងត្បូងនៃខេត្ត Palawan។ ខេត្តនេះបែរមុខទៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលចិនបានបង្កើនសកម្មភាពដែនសមុទ្រក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ការពង្រីកវត្តមានយោធាអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេមើលឃើញថា ជាចេតនារបស់ប្រទេសទាំងពីរ ដើម្បីប្រឆាំងកាន់តែខ្លាំង ទៅនឹងការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅក្នុងតំបន់។

យ៉ាងណាក្តី មេដឹកនាំហ្វីលីពីនមួយចំនួន ស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យយោធាអាមេរិកពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេស ដោយសារតែពួកគេព្រួយបារម្ភអំពីការជាប់ពាក់ព័ន្ធក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងចិន៕

 

Facebook Comments
Loading...