សៀមរាប ៖ ពិតជាសំណាស់! ក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានឪពុកចុង ប្រើល្បិចបបួលកែកូនស្រីប្តីមុន ឲ្យជួយទៅរកអុស នៅក្នុងព្រៃឃើញឪកាសល្អ មានគំនិតអាក្រក់បាន ធ្វើសកម្មភាព ទះបួនដៃ ប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ត្រូវនាងរើបំរាស់រួចរត់ស្រែកយំឲ្យម្តាយជួយ។
ករណីប៉ុនប៉ងរំលោភ កើតហេតុនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០ នាទី ក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួន ឈ្មោះ ស្រី ស្រីកុសល់ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មានស្រុកកំណើត ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
យោងតាមពាក្យបណ្ដឹងរបស់ម្ដាយរបស់ជនរងគ្រោះ កូនស្រីរបស់គាត់ឈ្មោះ ស.វ.ណ អាយុ១៥ឆ្នាំ ទៅរកអុសជាមួយប្ដីចុងឈ្មោះ ស្រី ស្រីកុសល់ នៅចំណុចទឹកខួប។ ចំណែកគាត់ជាម្តាយបានត្រឡប់មកផ្ទះមុនហើយបានឃើញកូនស្រីរត់ស្រែកយំរហូតពេលសួរទៅកូនស្រី ទើបកូនស្រីប្រាប់ពីទង្វើរអាក្រក់ របស់ឪពុកចុងបានចាប់រំលោភ ប៉ុន្តែសំណាងល្អ នាងបានខិតខំ រើសបំរាស់គេចរួចពីក្រញាំបីសាច ដែលជាឪពុកចុង។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះថា មុនពេលកើតហេតុនាងបានជិះនៅលើគោយន្តកន្រ្តៃដឹកអុសស្រាប់ឪពុកចុងចាប់បីចុះពីលើគោយន្តផ្ដួលលើដី ធ្វើសកម្មភាពចាប់ ប៉ុនប៉ង សម្រាតខោ …រំលោភ …..តែ នាងខំប្រឹងរើរំដោះខ្លួនចេញ និងស្រែកយំ តែឪពុកចុង រូបនោះមិនបានអាណិត អាសូរនាង ឡើយថែមទាំង បានទះកំភ្លៀងនាង៤ដៃក៏ខំរើបំរាស់ទាល់តែរួចខ្លួនរត់ទៅផ្ទះប្រាប់ម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឪពុកចុងតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាឪពុកចុងបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចាប់រំលោភលើកូនចុងដូចការចោទប្រកាន់ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕