សាលារៀន និង អាណាព្យាបាលសិស្ស គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញឲ្យសិស្ស មិនបោះបង់ចោលការសិក្សា និងទទួលបានជោគជ័យក្នុងការសិក្សា

0
395

ភ្នំពេញ ៖ លើកឡើងក្នុងពិធីបើកបវេសនកាលនៅសាលាបឋមសិក្សាសំរោងកណ្តាល ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីសក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ បានចាត់ទុកថា សាលារៀន និង អាណាព្យាបាលសិស្ស គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញ និង លើកកម្ពស់សមត្ថភាព សិស្ស ឲ្យពួកគេ ទទួលបានជោគជ័យក្នុងការសិក្សា និងមិនបោះបង់ចោលការសិក្សានោះឡើយ។
លោកស្រី អភិបាលរងខណ្ឌ បានលើកឡើងថា សាលារៀន និងអាណាព្យាបាល គឺជាដៃគូមិនអាចខ្វះបាន ត្រូវតែផ្សាភ្ជាប់គ្នា មានទំនាក់ទំនងជាមួយគ្នា មិនអាចផ្ដាច់ចេញពីគ្នាបានទេ។ ព្រោះថាការអប់រំកុមារ បើគ្រាន់តែផ្ដល់ឲ្យគេនូវការរៀនសូត្រនៅសាលា មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានការចូលរួមពីឪពុកម្ដាយអាណាព្យាបាល និង បរិស្ថានជុំវិញខ្លួនទៀត ទើបកុមារទទួលបាន ការរីកចម្រើនល្អ។
លោកស្រីបានបន្ដថា ក្រៅពី លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀននៅសាលា មាតាបិតាមានតួនាទីសំខាន់បំផុត ក្នុងការ អភិវឌ្ឍកុមារ នៅពេលដែលគេត្រឡប់ទៅផ្ទះវិញ ព្រោះមាតាបិតា នេះហើយជាអ្នកតាមដាន និងបំពេញ នូវចំណុចខ្វះខាតដើម្បីឲ្យកុមារទទួលបានលទ្ធផលល្អក្នុងការសិក្សា។ កុមារទទួលយកការអប់រំតាំងពីចាប់កំណើតភ្លាមមកម្លេះ ហើយងាយចាប់យកអ្វីៗនិងងាយ ទទួល ឥទ្ធិពលផ្សេងៗបំផុត នាំឲ្យងាយរងគ្រោះ បំផុត ព្រោះកុមារឆាប់ត្រាប់ ឫុធ្វើតាមមនុស្សធំ ដែលនៅ ជុំវិញខ្លួនគេ។ដូចនេះមាតាបិតា គឺ ជាអ្នកបង្ហាត់បង្រៀនកុមារ មុនគេបំផុតដើម្បីឲ្យ គេចៀសផុតពី ការទទួលឥទ្ធិពលមិនល្អ ពីបរិយាកាសសង្គម។
ក្នុងឱកាសនោះផងដែរ ព្រះគ្រូអ៊ូ សុខអេង ព្រះចៅអធិកាវត្តសុវណ្ណរាសីរតនារាម បានមានសង្ឃថិកា ផ្តាំផ្ញើដល់សិស្សានុសិស្ស ទាំងអស់ ទាំងសិស្សជ័យលាភី និង សិស្ស មិនទទួលបានលទ្ធផលល្អក្ដី ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ត្រូវសិក្សាពីដើមឆ្នាំទៅ ចាប់ពី ថ្នាក់ដំបូង រហូត ដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា។
ព្រះអង្គបន្តថា ក្នុងរដូវរងានេះប្អូនៗ ក្មួយៗត្រូវថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ ជាពិសេសត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ និងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកម្មវិធីដែលក្រសួងបានដាក់ជូន៕

Facebook Comments
Loading...