សាលារៀន និង អាណាព្យាបាលសិស្ស គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញឲ្យសិស្ស ទទួលបានជោគជ័យក្នុងការសិក្សា

0
323

ភ្នំពេញ ៖ លោក ឆើម សេរីវឌ្ឍ អភិបាលរងខណ្ឌព្រែកព្នៅ បានចាត់ទុកថា សាលារៀន និងអាណាព្យាបាលសិស្ស គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពសិស្ស ឲ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា។
លោកអភិបាលរងខណ្ឌ បានលើកឡើងថា សាលារៀន និងអាណាព្យាបាល គឺជាដៃគូមិនអាចខ្វះបាន ត្រូវតែផ្សាភ្ជាប់គ្នា មានទំនាក់ទំនងជាមួយគ្នា មិនអាចផ្ដាច់ចេញពីគ្នាបានទេ។ ព្រោះថាការអប់រំកុមារ បើគ្រាន់តែផ្ដល់ឲ្យគេនូវការរៀនសូត្រនៅសាលា មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានការចូលរួមពីឪពុកម្ដាយអាណាព្យាបាល និងបរិស្ថានជុំវិញខ្លួនទៀត ទើបកុមារទទួលបាន ការរីកចម្រើនល្អ។
លោកបានលើកឡើង ដូចនេះ ក្នុងឱកាសសំណេះសំណាល ជាមួយសិស្សានុសិស្ស និង មាតាបិតាអាណាព្យាបាល ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ ជូនដល់សិស្សពូកែ ឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃទី២៨ ខែធ្នូ នេះនៅសាលាបឋមសិក្សាបឹងប្រិយ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
លោកបានបន្ដថា ក្រៅពី លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀននៅសាលា មាតាបិតាមានតួនាទីសំខាន់បំផុត ក្នុងការ អភិវឌ្ឍកុមារ នៅពេលដែលគេត្រឡប់ទៅផ្ទះវិញ ព្រោះមាតាបិតា នេះហើយជាអ្នកតាមដាន និងបំពេញ នូវចំណុចខ្វះខាតដើម្បីឲ្យកុមារទទួលបានលទ្ធផលល្អក្នុងការសិក្សា។ កុមារទទួលយកការអប់រំតាំងពីចាប់កំណើតភ្លាមមកម្លេះ ហើយងាយចាប់យកអ្វីៗនិងងាយ ទទួល ឥទ្ធិពលផ្សេងៗបំផុត នាំឲ្យងាយរងគ្រោះ បំផុត ព្រោះកុមារឆាប់ត្រាប់ ឫុធ្វើតាមមនុស្សធំ ដែលនៅ ជុំវិញខ្លួនគេ។ដូចនេះមាតាបិតា គឺ ជាអ្នកបង្ហាត់បង្រៀនកុមារ មុនគេបំផុតដើម្បីឲ្យ គេចៀសផុតពី ការទទួលឥទ្ធិពលមិនល្អ ពីបរិយាកាសសង្គម។ក្រៅពីនេះមាតាបិតាអាណាព្យាបាល ក៏បានចូលរួមក្នុងការអភិវឌ្ឍសមិទ្ធិផលនានាក្នុងសាលាទៀតផង។
ក្នុងឱកាសនោះដែរ លោក ឆើម សេរីវឌ្ឍ បានផ្តាំផ្ញើ ដល់ សិស្សានុសិស្ស ទាំងអស់ ទាំងសិស្សជ័យលាភី និង សិស្ស មិនទទួលបានលទ្ធផលល្អក្ដី ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ត្រូវសិក្សាពីដើមឆ្នាំទៅ ចាប់ពីថ្នាក់ដំបូង រហូត ដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់វិស័យអប់រំ តាមរយៈការរឹតបន្តឹង ពេលប្រឡង។ក្នុងដំណាក់កាលនេះបើក្មួយៗមិន ខិតខំរៀនសូត្រទេ ក្មួយៗមិនអាចមានឱកាស ប្រឡងជាប់ឡើយ។
បើតាម លោក ឌិន វ៉ាត នាយកសាលាបឋមសិក្សាបឹងប្រីយ៍បានឲ្យដឹងថា សាលានេះមានអគារ សិក្សា២ខ្នង ស្មើនឹង១០បន្ទប់ ក្នុងនោះមានបណ្ណាល័យ១បន្ទប់ និងទីចាត់ការ១បន្ទប់ មានបុគ្គលិក ១២នាក់ សិស្សសរុប៣០៣នាក់ មកពីបណ្ដាភូមិចំនួន៧ក្នុងសង្កាត់ពន្សាំង។ សព្វថ្ងៃនេះសាលាមានបញ្ហាប្រឈម១ចំនួន ដោយខ្វះខាតអគារសិក្សា ខ្វះគ្រូបង្រៀន ខ្វះទឹកស្អាតប្រើប្រាស់ ដោយសារសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ៕

Facebook Comments
Loading...