ក្រុមប្រឹក្សាខណ្ឌស្នើរឲ្យរដ្ឋបាលខណ្ឌព្រែកព្នៅ រៀបចំលូដាក់ ទប់ស្កាត់រថយន្ដធន់ធ្ងន់ឡើងវិញ នៅស្ពានបឹងក្រចាប់ ក្នុងសង្កាត់ពន្សាំង

0
416

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី២៦ ខែសីហានេះ លោក អុល សំអឿន សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌ ឲ្យរៀបចំឡើងវិញ នូវលូ ដែលដាក់លើទ្រូងផ្លូវ សម្រាប់ទប់ស្កាត់រថយន្ដធន់ធ្ងន់ នៅចំណុចស្ពានបឹងក្រចាប់ក្នុងសង្កាត់ពន្សាំង ព្រោះថា លូដែលដាក់បច្ចុប្បន្ននេះ រថយន្ដប្រភេទធន់ធ្ងន់ អាចបើកបរឆ្លងកាត់បាន ពុំអាចរាំងឃាត់រថយន្ដ ទាំងនោះបានឡើយ។ បើដូច្នេះទេ លោកបានស្នើរឲ្យដក លូដែលដាក់នៅលើទ្រូងផ្លូវនេះចេញ ព្រោះនៅពេលមានបុណ្យទានម្ដងៗ ការដាក់លូនៅលើទ្រូងផ្លូវនេះ ធ្វើឲ្យមានការកកស្ទះចរាចរហើយពិសេសទៀតនោះក៏អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដោយសារតែពុំមានសញ្ញាសំគាល់អ្វីច្បាស់លាស់នៅពេលយប់ ពិសេសអ្នកមកពីចម្ងាយ ដែលពុំសូវបានស្គាល់ភូមិសាស្ដ្រនៅទីនេះ។

ចំណែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក៏បានស្នើផងដែរដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៥ សូមឲ្យជួសជុលផ្លូវ និងស្តាលូក្នុងមូលដ្ឋានឲ្យបានល្អរប្រសើរ ព្រោះថារដូវនេះជារដូវភ្លៀង អាចមានការដកទឹកនៅកន្លែងមួយចំនួន ធ្វើឲ្យខូចផ្លូវ និងពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

តបនិងសំណើខាងលើ លោក ទៀប យុទ្ធារម្យ ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់បានលើកឡើងថា ស្ពានបឹងក្រចាប់ពីមុនមានទំហំតូច ក្រោយមករដ្ឋបាលខណ្ឌបានធ្វើការជួសជុលកែលម្អ ដោយពង្រីកទំហំទទឹង២ម៉ែត្រកន្លះបន្ថែម ដែលជាមូលនិធិរបស់ខណ្ឌ ប៉ុន្ដែស្ពាននេះ អាចទ្រទម្ងន់បានត្រឹមតែ១០តោនប៉ុណ្ណោះ។ ដូចនេះហើយបានជាយើង ដាក់លូទប់ស្កាត់ដើម្បីការពារកុំឲ្យរថយន្ដធន់ធ្ងន់ឆ្លងកាត់បាន។ ប៉ុន្ដែក្រោយមក ដោយសារ មានរថយន្ដ១មួយចំនួនពិសេសរថយន្ដដឹកដី បានបើកបរប៉ះពារលូនេះម្ដងបន្ដិចៗ ធ្វើឲ្យចន្លោះរនាំង លូនេះ កាន់តែរីកធំទៅៗ ធ្វើឲ្យរថន្ដគ្រប់ធន់បើករគ្មានទើស។

លោក ប្រធានការិយាល័យសាធារណការ បានបញ្ជាក់ជូនថា លូនេះមិនអាចដកបានឡើយ ព្រោះបើដាក់ទំហំមិនឲ្យឡានធំចូលបាន ឡានសម្រាមក៍មិនអាចឆ្លងកាត់បានដែរ ដូចនេះត្រូវរៀបចំឡើងវិញ ហើយដាក់ស្លាកសញ្ញា និងចំណាំងពន្លឺបន្ថែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

ដោយឡែកលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅលោក និងលោកលោកស្រីអភិបាលរង និងចុះរៀបចំរបៀបរៀបរយតាមដងផ្លូវសំខាន់ៗ ការជួសជុលកែលម្អផ្លូវ ក្នុងមូលដ្ឋាន មានផ្លូវ១៥១ ផ្លូវលេខ៤២ និងផ្លូវតាមបណ្ដាសង្កាត់ជាច្រើនទៀត។

លោក អភិបាលខណ្ឌ បញ្ជាក់ថាលូដាក់នៅជិតស្ពានបឹងក្រចាប់មិនអាចដកចេញបានទេ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដែរ ហើយបើរថយន្តណាដឹកលើសទម្ងន់ធ្វើឲ្យបាក់ ឬខូច រថយន្តនោះជាអ្នកទទួលខុសត្រូវ។ ក្នុងនោះផងដែរលោកក៍បានណែនាំ ឲ្យមន្ដ្រីសាលាខណ្ឌ និងរដ្ឋបាលសង្កាត់ មិនត្រូវយកការងាររបស់ខ្លួនយកមកលាយលំជាមួយនិងការងាររដ្ឋនោះឡើយ ហើយយើងនាំគ្នាបន្ដខិតខំបន្ថែមទៀត ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត៕

Facebook Comments
Loading...