ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្ដេច នឹងមិនតែងតាំងមន្ត្រីដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ ដោយយ៉ាងហោចណាស់ ត្រូវចេះប្រើប្រាស់កម្មវិធីនានា នៅក្នុងទូរស័ព្ទស្មាតហ្វូន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្រាប់មន្ត្រីរាជការ គឺរាជរដ្ឋាភិបាលមិនតែងតាំងមន្ត្រីណាម្នាក់ មិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ ពោលគឺត្រូវធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ហោចណាស់ ត្រឹមតែមួយជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះអាក្នុងប្រព័ន្ធទូរស័ព្ទ អាស្មាតហ្វូនហ្នឹង គឺវាមានគ្រប់សព្វនៅក្នុងហ្នឹង បើអ្នកឯងចេះប៉ុណ្ណឹងបាន អាហ្នឹងទើបអាចធ្វើការជា មួយគេបាន ឧទាហរណ៍សព្វថ្ងៃនេះ នាយករដ្ឋមន្ត្រី ត្រូវធ្វើការដោយមានគ្រុបរបស់រាជរដ្ឋាភិបាល រួមជាមួយអភិបាលខេត្ត រួមជាមួយផ្នែកនេះផ្នែកនោះ ចឹងអ្នកឯងចូលម៉េចបាន បើអ្នកឯងនឹងមិនចេះមើលផង បើអ្នកឯងអត់នឹងមានWhats app អត់ទាំងមានTelegram ផង»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មន្ត្រីដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវឲ្យចាត់តាំងឲ្យធ្វើការណាមួយនោះទេ៕