ប្រជាពលរដ្ឋដែលបាត់អត្តសញ្ញាណបណ្ណអាចស្នើសុំ ឯ.អ ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងអាចទៅបោះឆ្នោតបានធម្មតា

0
5434

ភ្នំពេញ ៖ មានសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ប្រជាពលរដ្ឋខ្លះ បានបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាឯកសារសំខាន់សម្រាប់ចូលរួមការបោះឆ្នោត អាចស្នើសុំ ឯ.អ ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងអាចទៅបោះឆ្នោតបានធម្មតាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។

នៅពេលបាត់អត្តសញ្ញាណបណ្ណនេះ ប្រជាពលរដ្ឋខ្លះ មិនបានដឹងថា តើត្រូវទៅទាក់ទងនរណា ឬត្រូវទៅធ្វើឡើងវិញយ៉ាងណានោះទេ ពីព្រោះការធ្វើអត្តសញ្ញាណបណ្ណឡើងវិញត្រូវចំណាយពេលយូរថ្ងៃ ដូច្នេះមិនអាចទាន់ទៅបោះឆ្នោតបាននោះឡើយ។

ដើម្បីស្រាយចម្ងល់ និងដោះស្រាយបញ្ហាមួយនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានចេញប្រកាសព័ត៌មានដោយបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋណាបានបាត់អត្តសញ្ញាណបណ្ណ សូមប្រញាប់ទាក់ទងទៅគណៈកម្មការបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលហៅថា «សិក-SEC» ដែលខ្លួនរស់នៅដើម្បីធ្វើលិខិតបញ្ជាក់ដែលអាចផ្តល់សិទ្ធិបោះឆ្នោតឡើងវិញបាន។

គ.ជ.ប បានបញ្ជាក់ជូនថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដែលបានប្រើឯកសារហើយ មិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា

ការចេញបញ្ជាក់ឯកសារសម្រាប់ការបោះឆ្នោតបាន នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ហើយត្រូវចប់នៅថ្ងៃសុក្រ ទី៣ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច។ គ.ជ.ប មានជំនឿថា ប្រធានគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត, មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកស្នើសុំ ឯ.អ បានទាន់ពេលវេលាដោយឥតបង់ថ្លៃ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន៕

 

Facebook Comments
Loading...