សម្ដេចក្រឡាហោម ស ខេង រិះគន់ភាពចន្លោះប្រហោងរបស់សមត្ថកិច្ច ដែលមិនបានត្រួតពិនិត្យដល់គោលដៅ សម្រាប់ការនាំយកសារធាតុគីមីផ្សំស្របច្បាប់មកកម្ពុជា

0
362

ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការនាំចូលសារធាតុគីមីផ្សំស្របច្បាប់មកកម្ពុជា មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែសមត្ថកិច្ច មិនបានត្រួតពិនិត្យឱ្យដល់គោលដៅ តើយកធ្វើអ្វីពិតប្រាកដ? ចំណុចនេះ ជាចំណុចចន្លោះប្រហោងរបស់យើង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងឱ្យដឹងថា សារធាតុផ្សំគីមី បាននាំចូលមកប្រទេសកម្ពុជា តាមរបៀបស្របច្បាប់ និងមិនស្របច្បាប់ ដែលរហូតដល់ពេលនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបជាបន្ដបន្ទាប់។

សម្ដេចក្រឡាហោម បានពន្យល់ថា «ការនាំចូលសារធាតុគីមីផ្សំស្របច្បាប់មកកម្ពុជា មានន័យថា គឺមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែយើងមិនបានត្រួតពិនិត្យប្រើប្រាស់ឱ្យដល់គោលដៅ តើយកមកធ្វើអ្វីពិតប្រាកដ? តាមច្បាប់អនុញ្ញាតនោះដែរឬទេ? ចំណុចនេះ ដែលជាចំណុចចន្លោះប្រហោងរបស់យើង»។

សម្ដេចក្រឡាហោម បានបន្ដថា ការនាំចូលតាមរបៀបមិនស្របច្បាប់ ដឹងទាំងអស់គ្នាថា គឺគ្មានអាជ្ញាប័ណ្ណឡើយ ឬក៏អាចថា មានអាជ្ញាប័ណ្ណ តែលួចបន្លំដឹកជញ្ជូនឥវ៉ាន់តាមស្របច្បាប់ ឬលួចបន្លំតាមវិធីសាស្ដ្រផ្សេងៗ។ សម្ដេច បានបន្ថែមថា នាពេលកន្លងទៅសមត្ថកិច្ច បានធ្វើការបង្ក្រាបសារធាតុគីមីផ្សំជាង ៣០០តោន ហើយសមត្ថកិច្ចកំពុងរកអ្នកបច្ចេកទេស ឬសារធាតុម្យ៉ាង យកមកបន្សាបសារធាតុគីមីផ្សំទាំងនោះ មុននឹងយកទៅកប់ចោលជាដើម។សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ដទៀតថា សារធាតុគីមីផ្សំទាំងនេះ មិនមែនតែប្រើប្រាស់នៅកម្ពុជាប៉ុណ្ណោះទេ គឺអាចនាំយកឆ្លងកាត់ទៅប្រទេសទី៣ ឬទី៤ ផងដែរ៕

Facebook Comments
Loading...