ល្បិចថ្មីចេស សុំច្បាប់ដឹកឈើផ្ទះចាស់ ដល់ឆែកឆេមើល ខាងក្រោមសុទ្ធតែឈើថ្មី……

0
3074

ព្រះវិហារ ៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកំលាំងជំនាញ ដទៃទៀតបានចុះបង្ក្រាប រថយន្តយីឌុបមួយគ្រឿង សុំច្បាប់ដឹកឈើ ផ្ទះចាស់ដល់ឆែកឆេមើល ខាងក្រោមសុទ្ធតែឈើថ្មី…… ឈើអារប្រភេទលេខ១ និងលេខ២ជាច្រើនម៉ែត្រគូប។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើនោះ បានធ្វើឡើងកាលពីម៉ោង១ និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤មីនានេះ កម្លាំងសមត្ថកិច្ចបានឃាត់ចាប់រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើនម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះឡើយ។

លោក នួន សុខុម បានប្រាប់ឲ្យដឹងទៀតថា រថយន្តប្រភេទវេអង ១គ្រឿងនេះ បានដឹកឈើគ្រឿងផ្ទះចាស់ បន្លំដឹកឈើអារថ្មីៗ បង្កប់ពីក្រោមបាវអង្កាម ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែ សកម្មភាពបទល្មើសនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបានភ្លាមៗដែរ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានបញ្ជាក់ថា ម្ចាស់ឈើនេះត្រូវបានមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច កំណត់បានអត្តសញ្ញាណរួចហើយ គឺឈ្មោះ គឿន ប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែក តៃកុងរថយន្ត ឈ្មោះ កៅ វឌ្ឍនា ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក នួន សុខុម បានបញ្ជាក់ទៀតថា ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចបានសហការរួមគ្នា ប្រមូល និងធ្វើការដឹកជញ្ជូនឈើទាំងនោះ និងបាននាំយករថយន្តធុនធំ១គ្រឿងនេះ មករក្សាទុកនៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប នៅខាងមុខចំការអំពៅចិន។រីឯចំនួនឈើពិតប្រាកដ មិនទាន់ដឹងនៅឡើយទេ ព្រោះត្បិតមន្ត្រីជំនាញមិនទាន់បានវាស់វែង និងក៏កំពុងប្រមូល ដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកជាសម្បត្តិរដ្ឋ៕

Facebook Comments
Loading...