បរទេស ៖ ការរញ្ជួយដីចំនួនប្រាំបីលើកដែលមានកម្រិត ២,០រ៉ិចទ័រ ឬធំជាងនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅលើឧបទ្វីបកូរ៉េនៅក្នុងឆ្នាំនេះ ក្នុងនោះមានគ្រោះរញ្ជួយដីធម្មជាតិតូចៗចំនួនពីរបានវាយប្រហារនៅជិតកន្លែងបាញ់សាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ តែទោះយ៉ាងណាគ្រោះរញ្ជួយដីទាំងពីរនេះត្រូវបានគេសន្មតថា បានកើតឡើងដោយសារធម្មជាតិ នេះតាមការឲ្យដឹងពីទីភ្នាក់ងារអាកាសធាតុរដ្ឋរបស់កូរ៉េខាងត្បូង។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា ការរញ្ជួយដីមួយមានកម្រិត ២,៣រ៉ិចទ័រ បានកើតឡើងនៅចម្ងាយប្រហែល ៣៦គីឡូម៉ែត្រនៅភាកខាងជើងឆៀងខាងលិចនៃទីក្រុង Kilju ខេត្ត North Hamgyong នៅវេលាម៉ោង ២:៣៣នាទីរសៀល។
KMA បាននិយាយថា នៅវេលាម៉ោង ៧:៤៧នាទីយប់ មានការរញ្ជួយដីមួយទៀតដែលមានកម្រិត ២,៣រ៉ិចទ័រដែរបានវាយប្រហារនៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រនៅភាគខាងជើងនៃតំបន់ដែលជាកន្លែងបាញ់សាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង។
ទីភ្នាក់ងារនោះបាននិយាយបន្ថែមថា គ្រោះរញ្ជួយដីទាំងពីរនេះត្រូវបានគេសន្មតថា បានកើតឡើងដោយសារធម្មជាតិ។គ្រោះរញ្ជួយដីពីរនេះបានកើតឡើងបន្ទាប់ពីមានគ្រោះរញ្ជួយដីធម្មជាតិមួយដែលមានកម្រិត ៣,១រ៉ិចទ័រ ដែលបានវាយប្រហារតំបន់នោះកាលពីថ្ងៃសុក្រ។
យោងតាម KMA បានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីដំបូងកាលពីថ្ងៃចន្ទ គឺនៅរយៈទទឹង ៤១,២៧ដឺក្រេខាងជើង និងរយៈបណ្តោយ ១២៩,២៤ដឺក្រេខាងកើត និងនៅជម្រៅ ២គីឡូម៉ែត្រ។
ចំណុចកណ្តាលនៃការរញ្ជួយទីពីរ គឺនៅរយៈទទឹង ៤១,២៨ដឺក្រេខាងជើង និងរយៈបណ្តោយ ១២៩,២៦ដឺក្រេខាងកើត។ វាមានជម្រៅ ១៨គីឡូម៉ែត្រ។
គ្រោះរញ្ជួយដីជាង ២០លើកដែលមានកម្រិត ២,០រ៉ិចទ័រ ឬធំជាងនេះ បានវាយប្រហារតំបន់នៅជិតទីក្រុង Kilju ចាប់តាំងពីឆ្នាំ១៩៧៨ មក ជាមួយនឹងការរញ្ជួយដីមួយដែលមានកម្រិត ៣,២រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាកម្រិតខ្ពស់បំផុត។
មកដល់ពេលនេះ ការរញ្ជួយដីចំនួនប្រាំបីលើកដែលមានកម្រិត ២,០រ៉ិចទ័រ ឬធំជាងនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅលើឧបទ្វីបកូរ៉េនៅក្នុងឆ្នាំនេះ៕ (ប្រភព Yonhab )