របរឡើងត្នោតគៀបយកទឹកធ្វើទឹកត្នោតជូរលក់ពិតជាមានហានិភ័យខ្ពស់ណាស់ តែនៅតែមានអ្នកប្រកបរបរនេះរហូតមកដល់បច្ចប្បន្ន

0
8554

ភ្នំពេញ ៖ ដើមត្នោត​ជា​កេរ្ដិ៍​មរតក​កូន​ខ្មែរ មាន​ប្រយោជន៍​ហូរហែរ​គ្មាន​ចន្លោះ ផ្ដល់​ផល​ប្រយជន៍ឲ្យ​ខ្មែរ​មិន​ដែល​ចេះ​អស់ តាំងឬសរហូតដល់ស្លឹក។ ទន្ទឹមនឹងនេះភូមិ​សំរោង​កណ្តាល ស្ថិត​ក្នុង​សង្កាត់សំរោង ខណ្ឌព្រែក​ព្នៅ រាជ​ធា​​នីភ្នំ​ពេញ​ ក៍ជាកន្លែងផលិត​ទឹក​ត្នោតជូរ​ដែល​ទទួ​ល​បាន​ជោគជ័យ និងពេញនិយមដូចទៅនិងកន្លែងផ្សេងៗទៀតជាច្រើន​ផងដែរ​នៅ​ក្នុង​ព្រះ​រាជជាណាចក្រកម្ពុជា ដែលនិយមទទួលទានទឹកត្នោតជូរ។

ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុង​ប្រ​ទេ​ស​កម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ម៉ែត្រ ហើយ​ស្លឹក​របស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើន ក្នុង​ធ្លាយរបស់វា។ រុក្ខ​ជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស​យកទៅ​កែច្នៃសម្រាប់ធ្វើជា​សំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយក​ទៅធ្វើជា​អាហារ ភេសជ្ជៈ និងស្ក​បានទៀតផង។

មនុស្សបានទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ផ្លែត្នោតខ្ចី​គេអាច​បរិ​ភោ​គសាច់​​របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែម​ផ្សេងៗ​បាន​ទៀតផងដែរ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេ អាចយកទៅធ្វើជាមុខម្ហូបជា​ច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាចយកវាទៅធ្វើជា​នំយ៉ាងឈ្ងុយឆ្ងាញ់​បាន​ផង​ដែរ ហើយចំពោះស្លឹក​ត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន ស្លឹក​កណ្តប​ប្រក់ផ្ទះ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ស្រស់ ស្អាតជាច្រើន និងយកទៅ​វេច​ខ្ចប់ធ្វើនំផងដែរ។ ចំពោះសារៈសំខាន់នៃដើមរបស់វាវិញ គេយកវាទៅធ្វើ ជាគេហដ្ឋានសំរាប់រស់នៅ​យ៉ាង​​ប្រណិត និងធ្វើគ្រឿងសង្ហា​រឹមផ្សេងៗដូច​ជា គ្រែ តុ ទូ កៅអី -ល- ជាពិសេសគេថែម​ទាំង​អាចយកទៅធ្វើទូក យ៉ាងល្អស្អាត និងអាចជិះបានដែលមិនគួរឲ្យជឿ និងគួរឲ្យ​កោត​សរសើរចំពោះ គំនិតប្រាជ្ញាដ៏​ឈ្លា​ស​វៃ​របស់ប្រជាជនខ្មែរដែលមានកា​រច្នៃប្រឌិតក្នុង​ការ​បង្កើត​សំភារៈប្រើប្រាស់ ដែលបាន​បង្កើ​តឡើងពីសម្បត្ដិធម្មជាតិដែលមាននៅលើ​ទឹកដី​របស់​ខ្មែរ និងធ្វើឲ្យប្រទេសដទៃៗទៀត ស្ងើច​សរសើរ។

ការទទួលបានផលប្រយោជន៍ជាច្រើនពីដើមត្នោតនេះផងដែរ លោកឡី ឡា អា​យុ៣៧ឆ្នាំ មុខរបរឡើងត្នោតគៀបយកទឹកធ្វើទឹកត្នោតជូរ បានប្រាប់ឲ្យដឹងថា មុខរបរ​ឡើងត្នោតពិតជាមានហានិភ័យខ្ពស់ណាស់ដោយត្រូវមានការប្រុងប្រយ័ត្នជាប្រចាំក្នុងពេលឡើងចិតផ្កាត្នោត និងដោះទឹកត្នោតទាំងពេលព្រឹកនឹងពេលល្ងាច។ បើឡើងដើម​ត្នោត​៣០ដើម ដូច្នេះ១ថ្ងៃត្រូវឡើង៦០ដង ហើយមិនអាចខានឡើង១ពេលណាឡើយ បើ​ហ៊ានចោលមួយពេលផ្កាត្នោតនឹងខូចឈប់ចេញទឹក ម្លោះហើយទោះរវល់ ឬឈឺជា​យ៉ាងណាត្រូវតែឡើងចិតផ្កាជាប្រចាំ គឺជួបការលំបាកណាស់។ បច្ចប្បន្នមុខ​របរឡើងត្នោត​គៀបយកទឹកធ្វើទឹកត្នោតជូរ មិនមានអ្នកធ្វើ​ច្រើនទេនៅតាមជាយក្រុង។ ព្រោះ​ជារបរមួយ​គ្រោះថ្នាក់ និងហត់ថែមទៀតផង តែដោយសារតែលោកចេះជំនាញ​នេះតាំង​ពី​ក្មេង​​មក ហើយ​បន្ទាប់ពីធ្វើស្រែរួចអត់ការងាធ្វើក៍ប្រកបរបរនេះតែម្តងទៅ ព្រោះមិនចង់ទៅ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង។

បុរសអ្នកឡើងត្នោតរូបនេះបន្តថា សព្វថ្ងៃត្នោតដែលលោកឡើងប្រមាណជាង៣០ដើម​ក្នុង១​ដើមត្រូវជួលគេត​ម្លៃ​មួយម៉ឺនរៀលក្នុងមួយរដូវគឺចន្លោះចាប់ពីខែ១១ រហូតទៅ​ដល់​ខែ៤ ឬខែ​៥គឺលោកងាកមកធ្វើស្រែវិញម្តង។

ចំណែកអ្នកស្រីភើន ផូ អាយុ៣៣ឆ្នាំ ជាភរិយាអ្នកឡើងត្នោត ដែលជាអ្នកលក់​ទឹកត្នោតជូរបានប្រាប់ឲ្យដឹងថា នៅក្នុងសង្កាត់សំរោងនេះមិន​មានអ្នក​លក់​ទឹកត្នោត​ជូរច្រើនប៉ុន្មានទេ ហើយគេធ្វើតែខែអត់ភ្លៀងដែរ។ នៅថ្ងៃខ្លះទឹកត្នោតប្រ​មាណ​ជិត១០០លីត្រលក់អស់គ្មានសល់ទេ តែថ្ងៃ​ខ្លះក៍លក់មិនអស់ដែរ ថ្ងៃដែលលក់ដាច់អស់ៗ​គ្មានសល់គឺថ្ងៃអា​ទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ។ មុខរបរឡើងត្នោត​និងលក់​ទឹក​ត្នោត​ជូរនេះ មិនមានប្រើដើមទុន​​ច្រើន​ទេតែត្រូវប្រើកម្លាំង របរធ្វើនេះសាមញ្ញបំផុត តែបើ​យើងធ្វើក្នុង១ថ្ងៃ​បាន៨០ ទៅ៩០លីត្រ ហើយលក់អស់វិញនោះ គឺយើងអាចទទួល​បានប្រាក់​ចំ​ណេញ ដែល​ធ្វើឲ្យជីវភាព​គ្រួសាររស់​នៅ​បាន​សំរម្យផងដែរ។

គួរបញ្ជាក់ថាដើមត្នោត​ជា​កេរ្ដិ៍​មរតក​កូន​ខ្មែរ មាន​ប្រយោជន៍​ហូរហែរ​គ្មាន​ចន្លោះ ផ្ដល់​ផល​ប្រ​យោជន៍ឲ្យ​ខ្មែរ​មិន​ដែល​ចេះ​អស់ តាំងឬសរហូតដល់ស្លឹក។ ម្ល៉ោះ​ហើយ​កំតោះ​តើយ​គួរ​ជួយ​ថែ​រក្សា វា​ជា​សម្ប​ត្តិ​មក​ពី​ដូន​តា ជូនជាតិ​ខែមរា​ទុក​ជា​ទ្រព្យយូអង្វែងទៅ៕

Facebook Comments
Loading...