លោក Josep Borrell មិនធ្វើតាមគំរូរបស់សហរដ្ឋអាមេរិកឡើយដរាបណាកិច្ចពិភាក្សាសន្តិសុខជាមួយរុស្ស៊ីនៅតែបន្តនោះ

0
34088

បរទេស ៖ លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទនៅមុនពេលកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស ថា សហភាពអឺរ៉ុបមិនមានគម្រោងធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក ដើម្បីជម្លៀសក្រុមគ្រួសារបុគ្គលិកការទូតចេញពីប្រទេសអ៊ុយក្រែនឡើយ ដរាបណាកិច្ចពិភាក្សាសន្តិសុខជាមួយរុស្ស៊ីនៅតែបន្តនោះ។

លោក Josep Borrell បានចង្អុលបង្ហាញថា «រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងពន្យល់យើងអំពីហេតុផលរបស់ពួកគេសម្រាប់ការប្រកាសនេះ។ យើងនឹងមិនធ្វើដូចគ្នានោះទេ ព្រោះយើងមិនដឹងពីហេតុផលជាក់លាក់ណាមួយ ប៉ុន្តែលោករដ្ឋមន្រ្តី Blinken នឹងជូនដំណឹងដល់យើង។ ខ្ញុំមិនគិតថាយើងត្រូវធ្វើជាការសម្តែងល្ខោននោះទេ ដរាបណាកិច្ចចរចាកំពុងតែបន្ត។ ខ្ញុំមិនគិតថាយើងត្រូវតែចាកចេញនោះទេ»។

កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យមានការចាកចេញរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានបញ្ជាឱ្យសមាជិកក្រុមគ្រួសារនិយោជិតរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែនចាកចេញដែរ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកនោះបានឱ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបន្តធ្វើឱ្យប្រទេសនេះមានអស្ថេរភាព។ លោក Blinken ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុបតាមរយៈសន្និសីទវីដេអូ៕ ប្រភព TASS

Facebook Comments
Loading...