អ្នក​បើកបរ​ដែល​ល្មើសច្បាប់ចរាចរណ៍ អាច​ថត​ផ្លាកលេខ​ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក

0
504

ភ្នំពេញ ៖ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបង្កើតតេឡេក្រាមដើម្បី​​ឲ្យ​ពលរដ្ឋរាយការណ៍ អ្នក​បើកបរ​ដែល​ល្មើសច្បាប់ចរាចរណ៍ ដោយ​អាច​ថត​ផ្លាកលេខ​ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីប្រមុខ​រដ្ឋាភិបាល​ មានប្រសាសន៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាងជំងឺកូវីដ១៩ទៅ​ទៀតនោះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អគ្គស្នងការ​នគរបាលជាតិ​ កំពុង​​ជំរុញ​ដើម្បី​រៀបចំ​យន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាម ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ពីអ្នកប្រើប្រាស់​យានជំនិះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សារធាណការ​និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា ទាក់ទងនឹងការបង្កើតប្រព័ន្ធតេឡេក្រាមជូនសាធារណជនប្រើប្រាស់ដោយសេរីក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងកំពុងពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។បើ​តាម​លោក​រដ្ឋមន្រ្តី ដំណើរការ​នេះ​នឹង​រៀបចំឱ្យមានលក្ខណៈដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ ជាងនេះទៀត ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រងបញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួល ងាយស្រួលគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។

ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបង្កើតតេឡេក្រាមដើម្បី​​ឲ្យ​ពលរដ្ឋរាយការណ៍ អ្នក​បើកបរ​ដែល​ល្មើសច្បាប់ចរាចរណ៍ ដោយ​អាច​ថត​ផ្លាកលេខ​ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Facebook Comments
Loading...