លោក Joe Biden ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថា ជាគន្លឹះនៃយុទ្ធសាស្ត្ររបស់ខ្លួន ទប់ទល់នឹងប្រទេសចិន

0
660

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន នៅថ្ងៃអង្គារទី២៦ ខែតុលានេះ។ នេះជាលើកទីមួយក្នុងរយៈពេល៤ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូ​ល ជាមួយប្លុកដែលខ្លួនមើលឃើញថា ជាគន្លឹះនៃយុទ្ធសាស្ត្ររបស់ខ្លួន ទប់ទល់នឹងប្រទេសចិន។

ស្ថានទូតអាមេរិកប្រចាំប្រទេសព្រុយណេ បានប្រាប់រ៉យទ័រថា លោក Biden នឹងដឹកនាំគណៈប្រតិភូអាមេរិកសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលជាផ្នែកនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់មេដឹកនាំអាស៊ានក្នុងសប្តាហ៍នេះ។

សហរដ្ឋ​អាមេរិក ​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ប្រធានា​ធិបតី​ទេ ចាប់​តាំង​ពី​អ្នក​កាន់​តំណែង​មុន​របស់​លោក Biden គឺ​លោក Donald Trump បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៧។

អ្នកវិភាគនិយាយថា កិច្ចប្រជុំរបស់លោក Biden ជាមួយប្លុកមាន១០ប្រទេសមួយនេះ នឹងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិក ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីរកវិធីសាស្រ្តរួមគ្នាប្រឆាំងនឹងប្រទេសចិន។

ពួកគេរំពឹងទៀតថា លោក Biden នឹងផ្តោតលើកិច្ចសហការ លើការចែកចាយវ៉ាក់សាំងកូវីដ, បញ្ហាប្រែប្រួលអាកាសធាតុ, ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកក៏ត្រូវបានគេរំពឹងផងដែរថា នឹងធានាដល់អាស៊ានថា ការផ្តោតសំខាន់នាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកលើការចូលរួមជាមួយប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលីក្នុងកិច្ចព្រមព្រៀង Quad និងកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី គឺមិនមានបំណងជំនួសតួនាទីកណ្តាលរបស់អាស៊ាននៅក្នុងតំបន់នោះទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ានលើកនេះ នឹងប្រព្រឹត្តទៅដោយគ្មានមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នោះទេ៕

ប្រភព៖ CNA

Facebook Comments
Loading...