បុរសម្នាក់ជិះម៉ូតូមកឈប់រងចាំភ្លើងស្តុប ត្រូវរថយន្តធុនធំបើកបុកពីក្រោយអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម័

0
606

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមកឈប់រងចាំភ្លើងស្តុប ត្រូវរថយន្តធុនធំបើកបុកពីក្រោយចូលក្រោមរថយន្តអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអណោចអធម័ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១  នៅចំណុចស្តុបទួលពង្រផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះលៀង ជុំ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែករថយន្តបង្ក ជាប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន L.M.H ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 3654ក្រោយកើតហេតុតៃកុងរថយន្តបានចុះគេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1C 5303 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដោយសារភ្លើងស្តុបក្រហមក៏ឈប់ចាំភ្លាមនោះស្រាប់តែមានរថយន្តធុនធំ  ដឹកទំនិញរបស់ក្រុមហ៊ុន L.M.H ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 3654 បើកបរមកពីក្រោយរួចបុកអូសជាប់ម៉ូតូក្រោមរថយន្តបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ  នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុតៃកុងរថយន្តបានចុះគេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ  បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ និងទាក់ទងទៅជំនាញមកធ្វើការចវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Facebook Comments
Loading...