កំណាត់ផ្លូវជាតិលេខ៥​ ភាគខាងជើងពី​ខេត្តបាត់ដំបង-បន្ទាយមានជ័យ មានដាំលម្អដើមត្របែកព្រៃបង្កើនសោភ័ណភាព អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ពេល​បើកបរ

0
1191

បាត់ដំបង ៖ អ្នកដែលខានមកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបង ទៅខេត្តបន្ទាយមានជ័យ ប្រមាណជា៤ឆ្នាំមកនេះពិតជាប្លែក និងនឹកស្មានមិនដល់ ថាកំណាត់ផ្លូវជាតិលេខ៥​ ភាគខាងជើងពី​ខេត្តបាត់ដំបង-បន្ទាយមានជ័យ បាន​បញ្ចប់ការ​ស្ថាបនា​ស្ទើរ​១០០% ​ហើយមាន​ភាព​ធំទូលាយ​មាន​៤គន្លង (ពីរទៅពីរមក)។ លើ​កំណាត់ផ្លូវនេះ​មានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណ១២ ០០០ដើម ចាប់ពី​ក្រុងបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និង​តាម​ផ្លូវវាងក្រុងបាត់ដំបង និងផ្លូវវាងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ​៦៤០០ ដើម បង្កើនសោភ័ណភាព អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ពេល​បើកបរ។

ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការ​ងារ​ស្ថាបនា​គម្រោង​កែ​លម្អ​ផ្លូវ​ជាតិ​លេខ៥ ពី​បាត់ដំបង​ទៅ​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោកស៊ុន ចាន់ថុល ក៏​បាន​វាយ​តម្លៃ​ខ្ពស់​លើ​បច្ចេកទេស​និង​គុណភាព​លើ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ដែល​ជា​គម្រោង​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន។

គួរ​បញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប​ ៣៦៦​គីឡូម៉ែត្រ​ស្ថិតក្នុងខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងខេត្តបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា។

ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗ រួមមាន៖ ទី១-ផ្នែកខាងជើង ,ទី២-ផ្នែកកណ្តាល និងទី៣-ផ្នែកខាងត្បូង ដោយមានការពង្រីកពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរច្បារចំកណ្តាល៕

Facebook Comments
Loading...