ប្រជាពលរដ្ឋរិះគន់អាជ្ញាធរបើកដៃឲ្យឈ្មួញដាក់លក់ដូរនៅជិតគល់ស្ពានព្រែកព្នៅបង្កឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ

0
798

ភ្នំពេញ ៖ ផ្លូវវិមានឈ្នះ ឈ្នះ នៅជិតរង្វង់មូលគល់ស្ពានព្រែកព្នៅ(អាតីតស្ពានលីយ៉ងផាត់) ​ស្ថិត​ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងបង្កការកកស្ទះជារៀងរាល់ថ្ងៃ ដែលអាជ្ញាធរបានបើកដៃឲ្យឈ្មួញដាក់ភ្លើង ដាក់​ឆ័ត្រ​ជួល​ឲ្យ​អាជីវករ​លក់ដូរ​ត្រីយ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​ពាក់​កណ្តាលថ្នល់​ទៅ​ហើយ ​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​​ឆ្លងកាត់ទីនេះ មាន​ការ​កកស្ទះ​ និងរអ៊ូរទាំជាខ្លាំង។

​ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ មានទីលំនៅក្បែកន្លែង​លក់ដូរ​ត្រីនៅជិតគល់ស្នានព្រែកព្នៅនេះបានលើកឡើងថា ដំបូងឡើយកន្លែងនេះគ្មានអ្នកលក់ដូត្រីសាច់អ្វីទេ តែតាំងពីអាជ្ញាធរខណ្ឌព្រែកព្នៅដេញមិនឲ្យលក់នៅលើផ្លូវជាតិលេខ៥ ចំណុចយឿត្រីពោធិមង្គល មកអ្នកលក់ដូរទាំងនោះបែរជាមកលក់នៅលើផ្លូវវិមានឈ្នះ ឈ្នះ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅជិតរង្វង់មូលគល់ស្ពានព្រែកព្នៅនេះតែម្តង ហើយរៀងរាល់យប់រហូតដល់ព្រឹកអ្នកលក់មានម៉ូតូ មានរថយន្តបានមក​​ចត​ពាសវាលពាសកាល​ទៅតាម​ទំនើងចិត្ត​គ្មាន​សណ្ដាប់ធ្នាប់ឡើយ បង្កឲ្យមានការកកស្ទះជាខ្លាំង។

ប្រភពដដែលបានឲ្យដឹងទៀតថា ជារៀងរាល់ព្រឹកអ្នក​លក់ដូរ​ត្រីយ៉ាង​អនាធិបតេយ្យនេះ មិនត្រឹមតែរំខានដល់អ្នកជិតខាងទេ អ្នកធ្វើដំណើរឆ្លងកាត់ទីនេះបាន​រិះគន់គ្រប់ៗគ្នា ​ព្រោះ​វា​មានការ​លំបាក​ យ៉ាង​ខ្លាំង​រាល់​ការ​ធ្វើដំណើរ​របស់​ពួកគាត់​មកដល់ទីនេះម្តងៗនោះ។​ តទៅទីនេះបើអាជ្ញាធរមិនមានចំណាត់ការទេ ច្បាស់ជានិងខ្លាយទៅជាកន្លែងស្អុយរលួយ ដោយសារតែអ្នកលក់ទាំងនោះបានបោះចោលសំរាម និងចាក់ទឹកត្រីដែលនៅសេសសល់ ពាសពេញផ្លូវនោះ។

ទាក់ទងនិងបញ្ហានេះ ក្រុមការងារយើង​បាន​ធ្វើការ​ទំនាក់ទំនងតាមទួរស័ព្ទ​ទៅ​លោកស្រីជុំ សារ៉ុម ចៅសងកាត់ស្វាយប៉ាក ​បានប្រាប់ថា លោកស្រីមិនទាន់បានដឹងទេ ដោយសារតែជាប់ប្រយុត្នប្រឆាំងនិងជំអឺកូវីដ១៩។ ចំណែកលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ អ្នកយកព៌តមានយើងបានទាក់ទងទៅគាត់តាមទូរស័ព្ទដែរ ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកលើក៕

Facebook Comments
Loading...