ក្រុមហ៊ុនឱសថដ៏ល្បីរបស់អាមេរិក បំផ្លាញវ៉ាក់សាំងកូវីដ ចំនួន១៥លានដូស

0
898

បរទេស ៖ ក្រុមហ៊ុនឱសថដ៏ល្បីល្បាញរបស់អាមេរិកមួយ បានបំផ្លាញវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១៥លានដូស។ នេះបើតាមសារព័ត៌មានរបស់រុស្ស៊ី RT បានផ្សាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថា ក្រុមហ៊ុន Johnson & Jonhson បានខូចខាតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១៥លានដូស នៅក្នុងរោងចក្រ Baltimore ដោយសារការលាយគ្រឿងផ្សំខុស។ ដូច្នេះក្រុមហ៊ុននេះ នឹងពន្យារពេលការចែកចាយ នឹងដឹកជញ្ជូន នៅក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson បានជួលក្រុមហ៊ុន Emergent BioSolutions ដើម្បីផលិតធាតុផ្សំវ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងរោងចក្រ Baltimore ។ ប៉ុន្តែបុគ្គលិក នៅក្នុងរោងចក្រ បានលាយច្រឡំនូវធាតុផ្សំវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេង។ ដូច្នេះវ៉ាក់សាំងដែលបានផលិត ចំនួន១៥លានដូស ត្រូវតែបំផ្លាញចោលទាំងអស់ ទើបនាំឲ្យរាំងស្ទះដល់ការប្រគល់វ៉ាក់សាំង Johnson & Johnson នេះ។

នាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថ FDA អាមេរិក បានផ្អាកការផ្តល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុន Emergent BioSolutions ដើម្បីផលិតវ៉ាក់សាំង Johnson & Johnson ដោយសារតែករណីនេះ។ ប៉ុន្ដែបច្ចុប្បន្ន ក្រុមហ៊ុន Johnson&Johnson បានធ្វើការជាមួយក្រុមហ៊ុនEmergent BioSolutions និង FDA របស់អាមេរិក ដើម្បីដំណើរការវ៉ាក់សាំងនេះឡើងវិញ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ  សេតវិមានរបស់ប្រធានាធិបតីអាមេរិក នៅមិនទាន់ប្រតិកម្ម អ្វីជុំវិញបញ្ហានេះនៅឡើយ។ វ៉ាក់សាំងបង្ការកូវីដរបស់ក្រុមហ៊ុន Johnson & Johnson អាចចាត់ទុកថា ជាអាវុធថ្មីរបស់រដ្ឋាភិបាល លោក ចូ បៃឌិន សម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩  ដែលកំពុងតែរាតត្បាត នៅក្នុងប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកមួយនេះ។ វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson មានលក្ខណៈពិសេសជាងវ៉ាក់សាំងបង្ការកូវីដនានា ត្រង់ចង់តែ១ដូសប៉ុណ្ណោះទៅលើមនុស្សម្នាក់៕

Facebook Comments
Loading...