ឃីម បូរ៉ា ស្វាគមន៍សោម វិឆ័យ មកសងសឹក ខណៈសូត្រ ខេវិន និងវ៉ាន់ វឿន ឡើងតតាំងសេក គឹមរួន និងយ៉ត ពិសី ដើម្បីសាកស្នៀតគុន

0
745

ភ្នំពេញ ៖ កីឡាករ សោម វិឆ័យ អ្នកប្រដាល់មកពីក្លិបពន្លឺវិបុល ឡើងសុំសងសឹកកីឡាករជើងខ្លាំង ឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ខណៈសូត្រ ខេវិន អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែកជួបសេកគឹម រួន អ្នកប្រដាល់នៃក្លិបម្កុដរាជសីហ៍ រីឯវ៉ាន់ វឿន ជួប អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបយ៉ន ពិសី អ្នកប្រដាល់នៃក្លិបសាលវ័នកីឡា នាល្ងាចថ្ងៃសៅរ៍ទី២៧ ខែមីនា ឆ្នាំ២០២១ នៅលើសង្វៀនស៊ីអិនស៊ី។

ក្នុងការជួបគ្នានេះរវាងឃីម បូរ៉ា និងសោម វិឆ័យ ក្នុងប្រភេទ៦០គីឡូក្រាម ដោយគ្មានប្រភពណាលើកឡើងថាសោម វិឆ័យ អាចយកឈ្នះលើឃីម បូរ៉ា បានឡើយ ព្រោះកីឡាករឃីម បូរ៉ា ជាជើងខ្លាំងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ដោយមិនសូវមានកីឡាករកម្ពុជារូមណាអាចយកឈ្នះគេបានទេនាបច្ចប្បន្ននេះ។ គ្រប់សង្វៀនក្នុងស្រុកខ្មែរកីឡាករឃីម បូរ៉ា ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។

បន្ទាប់ពីហ្វឹកហាត់បានដិតដល់និងឈ្នះបានខ្សែក្រវាត់ជាបន្តបន្ទាប់មកកីឡាករឃីម បូរ៉ា គេវាយលែងខ្លាចគូប្រកួតដូចមុនហើយ បច្ចប្បន្នគេមានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកមិនពិបាកទេ ដោយគេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។

ចំណែកកីឡាករសោម វិឆ័យ គេឡើងវាយស្ទើររាល់សប្តាហ៍នាពេលបច្ចប្បន្ននេះ តែមិនសូវទទួលបានជ័យជំនះប៉ុន្មាននោះទេ តែគេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អផងដែរ។ តែយ៉ាងណាការជួបគ្នាជាមួយកីឡាករឃីម បូរ៉ា នេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ភាគរយនៃការឈ្នះរសប់កីឡាករសោម វិឆ័យ ទៅលើឃីម បូរ៉ា មានតិចបំផុត។ ចាំមើលរវាងកីឡាករសោម វិឆ័យ និងកីឡាករឃីម បូរ៉ា នរណាជាអ្នកឈ្នះ?។

រីឯកីឡាករសូត្រ ខេវិន គេល្អទាំងក្បាច់ និងកាយសម្បទា តែចិត្តប្រដាល់នៅតូច គឺចិត្តរបស់គេរាងល្អាៗមិនសូវហ៊ានប្តូរនោះទេ។ បើចិត្តគេដាច់ជាងហ្នឹងទៀត គេនឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកម្ពស់គេក៏ល្អ ហើយរូបរាងគេល្អថែមទៀត គឺល្អមួយចប់តែម្តង។ ចំណែកកីឡាករសេក គឹមរួន គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាករជើងចាស់រូបនេះវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូនោះឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលសេក គឺមរួន ជាអ្នកឈ្នះឬសូត្រ ខេវិន?។

ដោយឡែកកីឡាករវ៉ាន់ វឿន ជួបជាមួយកីឡាករយ៉ន ពិសីនេះ ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា យ៉ន ពិសី មានភាគរយឈ្នះតិច ព្រោះវ៉ាន់ វឿន គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស វ៉ាន់ វឿន នោះគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ។ កីឡាករវ៉ាន់ វឿន បច្ចប្នន្នគេវាយឡើងកូដជាខ្លាំង ហើយត្រូវបានអ្នកផ្គូរផ្គងតាមសង្វៀនចាប់គូឲ្យប្រកួតស្ទើររាល់សប្តាហ៍ ហើយកីឡាកររូបនេះក៍មិនបានធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ។

រីឯកីឡាករយ៉ន ពិសី ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត កឺជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ តែមិនសូវច្បាស់ ខ្លាំងបានតែគូប្រកួតល្មមៗប៉ុណ្នោះ បើប៉ះអ្នកខ្លាំងដូចជាវ៉ាន់ វឿន នេះមិនអាចប្រៀបបានឡើយ។ ចាំមើលការប្រកួតនេះចាញ់ឈ្នះដូចការអះអាងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដែរឬយ៉ាងណា?៕

Facebook Comments
Loading...