បរទេស ៖ ប្រទេសរុស្សី និងប្រទេសអ៊ីរ៉ង បានចេញមុខថ្កោលទោស ជាខ្លាំងដល់ចក្រភពអង់គ្លេស ដែលគ្រោងនឹងបង្កើនអាវុធនុយក្លេអ៊ែរ ដែលបង្ហាញអំពីទង្វើមិនល្អ និងជាការគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ នេះបើយោងតាមព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ។
អ៊ីរ៉ង និងរុស្សីបានចេញមុខថ្កោលទោសនេះ បន្ទាប់ពីអង់គ្លេសបានប្រកាសកាលពីពេលថ្មីៗនេះ ពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី១៨០គ្រាប់ ដល់២៦០គ្រាប់នៅក្នុងរយៈពេល១០ឆ្នាំ ដែលផ្ទុយពីការប្តេជ្ញាចិត្តរបស់អង់គ្លេង កាលពីពេលមុន ថានឹងកាត់បន្ថយការស្តុកទុកអាវុធនុយក្លេអ៊ែរ។
ដើម្បីឆ្លើយតបនឹងការប្រកាសនេះ លោករដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ មហាំម៉ាត់ ហ្សាវាដ ហ្សារីហ្វ (Mohammad Javad Zarif) រិះគិន់ថា វាជាទង្វើពុតត្បត់ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន កំពុងព្រួយបារម្ភពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៉ីរ៉ង់។
ចំណែករុស្សីតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងថា យើងពិតជាសោកស្ដាយដែលអង់គ្លេសសម្រេចចិត្តដើរផ្លូវបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ…ដ្បិតការសម្រេចចិត្តនេះនឹងបំផ្លាញដល់ស្ថិរភាព និងយុទ្ធសាស្ត្រសន្តិសុខរបស់អន្តរជាតិ ។
សូមជម្រាបថា ផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី១៨០គ្រាប់ ដល់២៦០គ្រាប់នៅក្នុងរយៈពេល១០ឆ្នាំនេះ មានបញ្ជាក់ក្នុងឯកសារមួយស្ដីពីគោលនយោបាយបរទេសអង់គ្លេស ដោយបានចង្អុលមុខចំៗថារុស្ស៊ីជាការគំរាមកំហែងចំពោះអង់គ្លេស។ ភ្លាមៗនោះរុស្សីក៏បានបដិសេធចោលនូវការចោទប្រកាន់នេះដែរ៕