ការិយាល័យអប់រំខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយបន្ធូរបន្ថយថ្លៃប្រមូលសំរាមតាមសាលារៀនខណៈកំពុងបិទទ្វារដោយសារជម្ងឺកូវីដ១៩

0
918

ភ្នំពេញ ៖ ការិយាល័យអប់រំយុវជននិងកីឡាខណ្ឌ តាមរយៈក្រុមប្រឹក្សាខណ្ឌ បានសុំឲ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួល ជាមួយក្រុមហ៊ុនអង្គភាព ប្រមូលនិងគ្រប់គ្រងតម្លៃសំរាម ឲ្យបន្ធូរបន្ថយថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋដោយសារសាលាបិទទ្វារពុំមានសិស្សរៀន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកទី១៥ អណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

លោក ហេម ភក្ដី អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាខណ្ឌបានលើកឡើងថា តាំងពីខែមិនា ឆ្នាំ២០២០ មកដោយសារជម្ងឺកូវីដ១៩ ធ្វើការរាតត្បាតខ្លាំង ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជនត្រូវបានបិទទ្វារ ពុំមានសិស្សរៀន ប៉ុន្ដែសាលារៀនទាំង១៨នៅក្នុងខណ្ឌព្រែកព្នៅ នៅតែបំពេញកតព្វកិច្ច បង់សេវាប្រមូលសម្រាមពេញថ្លៃដដែល។

លោកបានឲ្យដឹងដែរថា តាមការកំណត់ ដែលបានចចាររវាងមន្ទីរអប់រំរាជធានី និងសាលារាជធានីភ្នំពេញ សាលារៀន ដែលមានតូបលក់ដូរចាប់ពី១តូប ដល់៥តូប យកថ្លៃប្រមូលសម្រាម១០ដុល្លា និងពី៥តូបដល់១០តូបយក២០ដុល្លា។ ម្យ៉ាងទៀតកន្លងមកក្នុងចំណោមសាលារៀនសាធារណៈរបស់រដ្ឋទាំង១៨ ក្នុងខណ្ឌព្រែកព្នៅ គឺមានតែសាលា២ប៉ុណ្ណោះដែលរថយន្ដប្រមូលសម្រាមបានចុះទៅយក គឺសាលាបឋមសិក្សាព្រែកព្នៅ និងសាលា បឋមសិក្សាភូមិគ្រួស ចំណែកសាលា១៦ទៀត ពុំដែលមានរថយន្ដប្រមូលសំរាមចុះទៅយកឡើយ។ ដូចនោះលោកបានស្នើដល់រដ្ឋបាលខណ្ឌ សូមជួយសម្របសម្រួល ជាមួយអង្គភាពដែលគ្រប់គ្រងតម្លៃសំរាម ឲ្យបន្ធូរបន្ថយតម្លៃប្រមូលសំរាម ក្នុងខណៈដែលសាលារៀនកំពុងបិទទ្វារពុំមានសិស្សរៀននេះសិន និងពេលដែលសាលាបើកទា្វរទាំង​ស្រុង​ឡើងវិញហើយ សូមឲ្យរថយន្ដប្រមូលសំរាម ចុះទៅយកសំរាម ឲ្យបានគ្រប់សាលាដែលបានបង់សេវាជូនផង។

ចំណែកលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅមានប្រសាសន៍ថា ក្នុងពេលអន្ដរកាលនេះ ក្រុមហ៊ុនជាអ្នកប្រមូលសម្រាម ឯសាលារាជធានីភ្នំពេញជាអ្នកគ្រប់គ្រង ចំណែករដ្ឋបាលខណ្ឌគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណោះ។ តែទោះជាយ៉ាងណា រដ្ឋបាលខណ្ឌនឹងខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចការនេះដោយអញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកជួបជជែកគ្នាដើម្បីរួមគ្នាលើកកម្ពស់បរិស្ថាន ក្នុងមូលដ្ឋាន ឲ្យបានកាន់តែ ប្រសើរថែមទៀត។

ដោយឡែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ មានប្រសាសន៍ថាមនុស្សគ្រប់រូបអ្នកណាក៏បង្កើតសំរាមដែរ ពិភពលោកមានការព្រួយបារម្ភ ជាខ្លាំង ពីបញ្ហាសំរាមនេះ បើយើងធ្វេសប្រហែសយើងនឹងវិនាសទាំងអស់គ្នា។ ដូចនេះយើងត្រូវនាំគ្នាបំបាត់សំរាមឲ្យអស់ពីមូលដ្ឋានរបស់យើង។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអណត្តិទី៣ បានបើកកិច្ចប្រជុំលើកទី១៥ របស់ខ្លួនដោយ បានផ្ដោតទៅលើ របៀបវារ: ១ចំនួនរួមមាន ៖ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ លើកទី១៤អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ។៣-ពិនិត្យ  និងអនុម័តសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែសីហា ឆ្នាំ២០២០  និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយខណ្ឌ។ ៥-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...