សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ប្រោះព្រំដល់និសិ្សតនាយទាហានសកម្មជំនាន់ទី២២ក្នុងធ្វើពិធីបំពាក់ស្លាកឆ្នាំទី៣

0
3958

ភ្នំពេញ ៖ និស្សិតនាយទាហានសកម្មជំនាន់ទី២២ចំនួន១៩២នាក់ ក្នុងនោះមានស្រី៣១នាក់ បានធ្វើយុទ្ធដំណើរ ដោយថ្មើជើងនៅពេលយប់ ចេញពីតំបន់ព្រៃចំការបារាំងនៅពេលយប់មកកាន់វត្តច័ន្ទបូរីវង្ស ហៅវត្តសំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានមកដល់គោលដៅនៅម៉ោង៤ទៀបភ្លឺដោយចំណាយពេលអស់៧ម៉ោង ដើម្បីមកទទួលការ បំពាក់ស្លាកឆ្នាំទី៣នៅទៅនោះ ដោយមានការយាងនិមន្ដចូលរួមពី សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាស បំពាក់សា្លកសញ្ញាឆ្នាំទី៣ជូនដល់នាយទាហាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក វរៈសេនីយ៍ត្រី ប៊ុត រស្មី មេបញ្ជាការគ្រប់គ្រងវគ្គ បានឲ្យដឹងថា និស្សិតនាយទាហានសកម្មជំនាន់ទី២២ បានមកដល់សាលានៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៨ និងចូលសិក្សានៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៨។

លោកបានបន្ដថាអស់រយៈពេល៦ខែក្នុងឆ្នាំទី៣នេះ ការងារហ្វឹកហ្វឺនរៀនសូត្រពួកគេអនុវត្តបានត្រឹមត្រូវ តាមផែនការកម្មវិធីសិក្សារបស់សាលា។ បច្ចុប្បន្នពួកគេបានប្រឡងឆមា​ស​ទី១ ឆ្នាំទី៣ មានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១២ និងទី១៣ខែសីហា ឆ្នាំ២០២០ដែលមាន១៣មុខវិជ្ជា។ បន្ទាប់ពីធ្វើការហ្វឹកហាត់នៅលើទីលានអស់ពេលពេញ១ថ្ងៃ ពួកគេបានដកថយដំណើរទ័ព ពីតំបន់ព្រៃចំការបារាំង មកកាន់វត្តច័ន្ទបូរីវង្ស មានចម្ងាយ២៩គីឡូម៉ែត្រ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ នេត្រ ណាត នាយករងសាលានាយទាហានសកម្ម បានបញ្ចាក់ថា ជារៀងរាល់ឆ្នាំនិស្សិតនាយទាហានសកម្មទាំងអស់ត្រូវបានរៀបចំធ្វើពិធីបំបាក់ស្លាកសញ្ញា ឆ្នាំរបស់ខ្លួន តាមគោលដៅដែលបានជ្រើសរើស។ គោលបំណងសំខាន់នៃការបំពាក់ស្លាកសញ្ញានេះ គឺឲ្យប្អូនៗនិស្សិតទាំងអស់ នឹកឃើញឡើងវិញពីដំណើរតស៊ូក្នុងរយៈពេលរៀនសូត្រ ដែលឆ្លងកាត់ការលំបាកច្រើន។

ក្នុងនោះផងដែរលោក នាយករងសាលានាយទាហានសកម្ម បានណែនាំដល់ប្អូនៗទាំងអស់ បន្ដប្រឹងប្រែងហាត់ពត់លត់ដំខ្លួន រៀនសូត្រ ដើម្បីបន្ដប្រពៃណីដ៏ឧត្តុងឧត្តម របស់កងទ័ពយើងនាពេលកន្លងមក សំខាន់ដើម្បីឲ្យក្លាយជានាយទាហាន វ័យក្មេង សម្រាប់បន្ដវេនប្រកបដោយសក្ដានុពលបំផុត របស់កងយុទ្ធពលខេមរភូមិន្ទ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក រួមនឹងព្រះសង្ឃជាច្រើនអង្គទៀត បានសូត្រមន្ដជយន្ដោ បោះព្រំ លើករាសីដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន និងមានជោគមានជ័យ ឈ្នះអស់មាសត្រូវដែលប៉ុនប៉ង យារយី។ ជាមួយនេះសម្ដេចក៏បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ផារៈ១ចំនួនដល់សាលានាយទាហានសកម្មផងដែរ រួមមាន ៖អង្ករ១តោន ទឹកក្រូច១០កេះ ទឹកសុទ្ធ១០កេះ ទឹកដោះគោ១កេះ ត្រីខ១កេះធំ មី១កេះធំ ស្ករ១បាវ ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ និងបច្ច័យ ចំនួន៥លានរៀល។ ចំណែកនិស្សិតនាយទាហានសកម្មទាំង១៩២នាក់ ក្នុងម្នាក់ទទួលបាន សម្ភារៈ១កញ្ចប់និងថវិកា ៣ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...