ភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ គោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវចោរឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះរៀម សុខុន អាយុ៤០ឆ្នាំ មុខរបបលក់កាហ្វេ នៅក្បែរស្ទុបអ៊ីនដឹខន ជាប់ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងមានទីលំនៅនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកសម្ភារ:បាត់បង់រួមមាន កាបូប១ដោយផ្ជាប់ជាមួយ មានលុយជាង២០ម៉ឺនរៀល ទូរស័ព្ទ១គ្រឿង កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងសៀវភៅ សន្សំលុយផងដែរ។
ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក wave rs ពាក់ស្លាកលេខភ្នំពេញ1CI-1357 ដោយធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវ២០៥ គោលបំណងត្រឡប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ ខណៈជិះម៉ូតូបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូតែម្នាក់ឯង តាមមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេច និងជិះគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចនាំស្ត្រីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ដើម្បីសួរនាំធ្វើពាក្យបណ្ដឹងឲ្យជនរងគ្រោះ ព្រមទាំងចំណំភិនភាគជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕