ក្រុម​យុវជន​​៦​នាក់ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូ​ន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រួចហើយ​

0
28298

ភ្នំពេញ​ ៖ យុវជន​ខ្មែរ​ថាវរៈ​ចំនួន​២​នាក់ គឺ​កញ្ញា ឈឿន ដា​រាវី និង​លោក ហ៊ុន វណ្ណៈ ស្ថិត​ក្នុងចំណោម​ក្រុម​យុវជន​​៦​នាក់ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពីបទ​ញុះញង់ ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូ​ន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រួចហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ នេះ​បើតាម​ការ​បញ្ជាក់​ពី ​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០ នេះ​។​

ក្រុមយុវជន​ខ្មែរ​ថាវរៈ​ទាំង​២​នាក់ ដែល​ត្រូវ​​ចាប់ខ្លួន​នេះ ស្ថិត​ក្នុងចំណោម​ក្រុម​យុវជន​​៦​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ទាក់ទង​បទល្មើស​ជាក់ស្ដែង បង្ក​ភាព​រញ៉េរញ៉ៃ និង​អសន្តិសុខ​សង្គម ក៏ដូចជា​ការ​តវ៉ា​ដាក់​សម្ពាធ​លើ​តុលាការ​ឲ្យ​ដោះលែង​ លោក រ៉ុង ឈុន កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២០​។

ក្រុមយុវជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​រួមមាន ៖ ទី​១-កញ្ញា ឈឿន ដា​រ៉ាវី (​ចាប់​តាម​ដីកា​),ទី​២- លោកហ៊ុន វណ្ណៈ, ទី​៣-លោកថា ឡា​វី, ទី​៤-កញ្ញាជា គ​ន្ធី​ន, ទី​៥-កញ្ញា យ៉ង សៀង​ហៃ, និង​ទី​៦-លោក ស្វាយ សំណាង​។​
​លោក​ឧត្ដមសេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃទី​១៣ ខែ​សីហា ថា សមត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់ ក្នុង​នោះ​មាន​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ និង​៥​នាក់​ទៀត ជា​បទល្មើស​ជាក់ស្ដែង ដោយសារ​ពួកគេ​ បង្ក​ភាព​រញ៉េរញ៉ៃ និង​បង្ក​អសន្តិសុខ​សង្គម​។​
​ចំណែក​ លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា ការចាប់ខ្លួន​នេះ សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​បង្ក​ភាព​វឹកវរ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម តាម​មាត្រា​៤៩៥ និង​៤៩៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ហើយ​សំណុំ​រឿងនេះ នឹង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ​ក្រោយពី​សមត្ថកិច្ច​បញ្ចប់​នីតិវិធី។

លោក​ឧត្ដមសេនីយ៍​ឯក​បញ្ជាក់​ថា កញ្ញា ឈឿន ដា​រ៉ាវី សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​បច្ចុប្បន្នកំពុង​អនុវត្ត​តាម​នីតិវិធី។ ចំពោះ លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ឃឿន បាន​ប្រាប់​ឲ្យ​សង្គម​ស៊ីវិល ដែល​ចោទប្រកាន់ថា ការ​ចាប់ខ្លួន​នោះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ទៅ​មើល​រដ្ឋធម្ម​នុញ្ញ​ឡើងវិញ​។​
គួរ​រំលឹក​ថា ការ​ចាប់ខ្លួន​នេះ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីណែនាំ​មួយ​បញ្ជាក់​ថា រាល់​សកម្មភាព​ជួប​ប្រជុំ ​ប្រមូលផ្ដុំ ដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយ​លក្ខណ៍អក្សរ​មក​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ស្ដីពី​ការ​ធ្វើ​បា​តុកម្ម​ដោយ​សន្តិវិធី ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​បញ្ជាក់​ថា ការ​ប្រមូលផ្ដុំ​គ្នា​ទាមទារ​ឲ្យ​ដោះលែង​លោករ៉ុង ឈុន គឺជា​ការ​ដាក់​សម្ពាធ​មក​លើ​តុលាការ ដែល​អាច​ប្រឈម​ចំពោះ​ផ្លូវច្បាប់​៕

 

Facebook Comments
Loading...