រមណីយដ្ឋានប្រាសាទវត្តព្រះធាតុទឹកឆា ក្នុងខេត្តកំពុងចាមជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍

0
3122

កំពង់ចាម ៖ ទេសចរណ៍ដែលមកលេងខេត្តកំពុងចាម មិនភ្លេចឡើយចូលទៅលេង«ទឹកឆា»ដែលជាទីរមណីយដ្ឋានមួយសម្រាប់ភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ជាតិយើងធ្វើដំណើរទៅកម្សាន្តនៅពេលបុណ្យទានអ្វីមួយ ដែលបានទំនេរពីការងារមមាញឹក។

ពីដើមមកមានតែតួប្រាសាទថ្មបាក់បែកស្ទើរតែអស់គ្មានសល់ស្ថិតនៅជាពីរកន្លែងក្បែរគ្នាហើយនៅប្របប្រាសាទទាំងពីរនេះមានជ្រោះប្រឡាយទឹកអំពីបុរាណមកដ៏មានទឹកហូរខួបប្រាំងខួបវស្សាគឺរដូវវស្សាមានទឹកសឹងពេញព្រៀបរដូវប្រាំងនៅសល់ត្រឹមក្បាលជង្គង់ ឬលើក្បាជង្គង់បន្តិច។

ទឹកនេះថ្លាឈ្វេង ហើយហូររិចៗមិនចេះឈប់ជាហេតុនាំឲ្យអ្នកផងទៅងូតលេងលំហែប្រាណយ៉ាងសប្បាយរីករាយ។សងខាងប្រឡាយទឹកថ្លាខ្យងនេះមានរុក្ខាលតាវល្លិ៍ដុះខ្ពស់ស្រោងស្រឹងប្រទាក់ប្រទិនគ្នាបែបជាព្រៃល្បាត តែសព្វថ្ងៃគេបានកាប់រំលីងឲ្យបានជាវាលមួយកន្លែងយ៉ាងធំនៅត្រង់ផ្លូវទឹកនេះបែកជាធ្នារធំល្ហល្ហាចគឺចំត្រង់តួប្រាង្គថ្មដែលយើងអធិប្បាយខាងលើនេះ។មិនតែប៉ុណ្ណោះរាជការបានកសាងជាទំនប់ទឹកមួយសំខាន់ដើម្បីយកប្រយោជន៍អំពីប្រឡាយទឹកបុរាណនាំយកទឹកទៅចែកឲ្យវាលស្រែយ៉ាងធំទូលាយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិតមែនហើយ តែយើងស្គាល់សព្វថ្ងៃថាកន្លែងនេះបានជារមណីយដ្ឋានដ៏សំខាន់សម្រាប់ទេសចរណ៍ជាតិ ប៉ុន្តែប្រវត្តិពង្សាវតារបស់ទីឋាននេះឋិតនៅក្នុងសភាពងងឹតនៅឡើយពុំដឹងថាតើទីនេះពីបុរាណជាទីអ្វី?កើតមានពីត្រឹមណាមក?

ដើម្បីជម្រះមន្ទិលទាំងនេះខ្លះ ក្រុមជុំនំទំនៀមទម្លាប់បានប្រមែប្រមូលឯកសារដែលមានតម្កល់ទុកយូរមកហើយផងហើយចាត់ឲ្យសមាជិកទៅពិនិត្យសង្កេតដល់ទីកន្លែងផង ក៏រៀបចំធ្វើជាសេចក្តីរាយការណ៍អំពីទីកន្លែងនេះឡើងដាក់ចំណងជើងថា«ប្រាសាទព្រះធាតុទឹកឆា»តាមឈ្មោះបុរាណនៃប្រាសាទដដែលហៅថា«គុកព្រះធាតុ ឬវត្តព្រះធាតុ»នៅត្រង់កន្លែងទឹកឆានេះ។ពាក្យ«ទឹកឆា»នេះទៀតក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរគឺមានតាំងពីយូរណាស់ហើយទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ«សិលាចារឹកនៅប្រទេសកម្ពុជារបស់លោក ហ្ស សឺដេស»សរសេរកំណត់ឈ្មោះកន្លែងនេះថា«វត្តព្រះធាតុនៅទឹកឆា»។

ដើម្បីនឹងយកជាសំអាង យើងតែងតែនិយាយតាមសិលាចារឹកមួយដែលអ្នកស្រាវជា្រវបានរកឃើញហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិនាក្រុងភ្នំពេញសព្វថ្ងៃ។សិលាចារឹកនេះនៅមានរូបរាងស្អាតល្អអក្សរនៅច្បាស់ជាបន្ទះក្រាស់កម្ពស់១ម៉ែត្រ«មិនគិតជើងតម្កល់»ទទឹងមុខ០.៥០ម៉ែត្រខាងកំពូលលើមានឆ្លាក់ជារូបព្រះគណេស។អក្សរចារឹកមានទាំងសងខាងគឺម្ខាងមាន២៣បន្ទាត់ជាភាសាសំស្ក្រឹតនិងម្ខាងទៀតមាន១៦បន្ទាត់ជាភាសាខ្មែរ។សេចក្តីក្នុងសិលាចារឹកនេះហើយជាទ្វារបើកចំហឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិដ៏វែងឆ្ងាយនៃទីកន្លែងនេះ។

សិលាចារឹកឲ្យការណ៍ថាទីកន្លែងនេះកសាងឡើងតាំងពី៩៤៧ស័ក«២»(គ.ស១០២៥)ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។កាលនោះព្រះរាជា ទ្រង់ទទួលប្រោសព្រះរាជទានតាមសេចក្តីក្រាបបង្គំទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ«ជង្ឃល»ហើយដែលមានសន្មតនាមមួយទៀតថាលក្សិន្ទ្របណ្ឌិត។លោក ជង្ឃាលបានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថាសិទ្ធិបុរ«ត្រង់កន្លែងទឹកឆាសព្វថ្ងៃ»មានទំនងស្រឡះស្រឡំល្អក៏ទូលស្នើចំពោះព្រះរាជាសុំទីនេះធ្វើជាអារាមសម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ដោយថ្វាយទាំងសេចក្តីព្រាងសព្វគ្រប់សម្រាប់ចំកន្លែងនេះទុកស្នាដៃដ៏សំខាន់ផង។

គ្រានោះ ព្រះបាទសូរ្យវរ្ម័ន ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតាមសេចក្តីសុំ ព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀតដើម្បីជាមធ្យោបាយក្នុងការកសាងនេះផង។បណ្ឌិតជង្ឃាល ឬលក្សិន្ទ្របណ្ឌិតចាប់ធ្វើកិច្ចការស្ថាបនានេះឡើងតាមកម្លាំងព្រះរាជ្យទ្រព្យនិងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុកលុះត្រាតែបានហើយស្រេចសព្វគ្រប់តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទតគឺនៅក្នុងប្រាសាទធមានតម្កល់សិវលិង្គនៅកណ្តាលសន្មតនាមលិង្គនោះថា«ស្រីភទ្រេស្វរៈ»និងទេវរូបពីរអមសងខាងមួយមាននាមថា«បរមេស្វរៈ»មួយទៀតថា«សរស្វតិ»។ចំពីមុខទិសខាងកើតមានគុហាមួយទៀតជាទេវស្ថានមានទំហំតូចដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរកប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះមានតែស៊ុមទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុតែប៉ុណ្ណោះ។

ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយនៅចំហៀងខាងស្តាំប្រាសាទឲ្យឈ្មោះថា«លក្សិន្ទ្រដាក»ហើយប្រតិស្ថានលិង្គមាសមួយតម្កល់នៅកណ្តាលស្រះផង។ព័ទ្ធជុំវិញនៃទីបរិវេណនេះមានការរៀបចំបានជាស្រុកភូមិមួយយ៉ាងស្តុកស្តម្ភដោយប្រជុំអ្នកស្រុកជិតខាងឲ្យមករស់នៅជួបជុំកុះករគ្នាឡើងក្នុងសម័យនោះ។ដូច្នេះបរិយាកាសក្រុងថ្មីនេះឯងក៏បានជាសភាពអឹកធឹកឡើង។

ក្រោយដែលបានរៀបចំរួចស្រេច លក្សិន្ទ្របណ្ឌិត បាននាំពត៌មានចូលក្រាបបង្គំទូលព្រះបាទសូរ្យវរ្ម័នទី១ព្រះអង្គក៏ទ្រង់ស្តេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះយ៉ាងមហោឡារិកនៅក្នុងឆ្នាំ៩៤៧ស័ក(គ.ស១០២៥)ដែលយើងចង្អុលម្តងមកហើយពីខាងលើ។ក្នុងព្រះរាជពិធីសម្ពោធនេះព្រះរាជាទ្រង់ប្រោសប្រទាននូវធនធានជាប្រដាប់ប្រើប្រាស់ពួកពលព្រះ២៩នាក់ ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ព្រមទាំងទីលានធំៗសម្រាប់ប្រកបពិធី ឬជាគ្រឿងលម្អទុកជាទ្រព្យផ្ទាល់នៃព្រះគុហានេះផង។មិនតែប៉ុណ្ណោះព្រះអង្គបានប្រោសព្រះរាជទាននាមទីកន្លែងនេះថា«លក្សិន្ទ្របថ»ដោយនិយមតាមនាមបណ្ឌិតអ្នកកសាង។

សេចក្តីហូរហែដូចអធិប្បាយមកនេះ ជាប្រវត្តិដើមនៃប្រាសាទនិងទីកន្លែងទឹកឆា។ឥឡូវយើងអធិប្បាយពីទ្រង់ទ្រាយដែលជាតម្រាសល់មកដល់សព្វថ្ងៃនេះម្តង ព្រោះសម្រាប់ជួយណែនាំផ្លូវពពួកទេសចរណ៍យើងដែលត្រូវការទស្សនាទីកន្លែងនេះផង។

សព្វថ្ងៃនេះស្រះបុរាណ ដែលយើងពោលខាងលើថា ជាស្នាដៃបណ្ឌិតជង្ឃាលនោះហើយដែលជាធ្នារទឹកដ៏ធំមួយនៅចំមុខទំនប់ដែលក្រសួងកសិកម្មទើបនឹងស្ថាបនាឡើងក្នុងបច្ចុប្បន្ននេះ។រីឯប្រឡាយទឹកនេះសោត ហូរធ្លាក់ពីសីលប្រភពនៅទិសខាងជើងក្នុងខេត្តកំពង់ធំ ឯនោះ ហើយហូរត្រង់មកត្បូង លុះមកដល់ចំហៀងប្រាសាទនេះក៏ធ្លាក់ទឹកចូលក្នុងរង្វះធំមួយដែលយើងហៅថា«ធ្នារ»ខាងលើនេះឯង។ពីបុរាណមកទឹកដក់ពេញព្រៀបនៅត្រង់នេះតែមានកូនជ្រោះតូចៗបែកមែកធាងនាំបង្ហូរទឹកទៅចាក់បញ្ចូលដីស្រែ នាភូមិជិតខាងនេះមានភូមិក្រូច ក្នុងស្រុកព្រៃឈរនោះជាដើម។អាស្រ័យប្រឡាយចាស់ដូច្នេះហើយ បានជារាជការខាងកសិកម្មចាត់ចែងក្នុងពេល៥-៦ឆ្នាំកន្លងទៅនេះធ្វើជាទំនប់មូយរក្សាទឹកទុកក្នុងធ្នារនេះឲ្យរឹតតែច្រើនឡើងសម្រាប់បន្ថែមកម្លាំងឲ្យហូរទៅតាមប្រឡាយដែលគេជីកធ្វើសំអាតជាថ្មីនាំទឹកទៅចាក់ឲ្យស្រែអ្នកស្រុកបានជាច្រើនពាន់ហិកតាក្នុងស្រុកព្រៃឈរ និងស្រុកបារាយណ៍។

ប្រឡាយទឹកដែលហូរនាំទឹកត្រង់មកពីទិសខាងជើងកាត់មកខាងត្បូងធ្លាក់ចូលធ្នារធំរួចហើយ ក៏ឆ្ពោះទៅលិចត្រង់ទៅវិញ ដូចនេះប្រឡាយទឹកត្រង់ទឹកឆាមានសណ្ឋានបីដូចជាកែងជាងឈើ ជាកន្លែងដែលគេងូតទឹកលេងសព្វថ្ងៃគឺនៅចំត្រង់កែងនោះឯងបើនរណាចូលចិត្តទឹករាក់ក៏ងូតក្នុងប្រឡាយចាស់ខាងជើងទំនប់ ព្រោះប្រឡាយនេះបាតក្រោមមានទទឹងប្រមាណជា៤ឬ៥ម៉ែត្រដែរ។ទឹកថ្លាឈ្វេងមើលឃើញបាតរាបស្មើដែលមានកូនថ្មដុំតូចៗតម្រៀបត្រៀបត្រាគួរឲ្យចង់រើសយកមកមើលឬអង្អែលលេងកូនត្រីមួយហ្វូងៗរត់ចា្រស់ទឹកហូរប្រដេញគ្នា។ឯអ្នកដែលចេះហែលចូលចិត្តហែលលេងក្នុងផ្ទៃទឹកជ្រៅផ្នែកខាងត្បូងទំនប់ ដែលជាធ្នារទឹកធំល្ហល្ហាច។ជុំវិញរង្វះមាត់ទឹកមានដើមឈើខ្ពស់ៗស្រោងស្រឹង ដុះខ្នាន់ខ្នាប់នាំឲ្យបានជាជម្រកនៃទេសចរណ៍ដែលទៅលេងកម្សាន្តផង និងជាទីជ្រកនៅនៃសត្វបក្សាបក្សីដែលស្រែកឆ្លើយឆ្លងគ្នាបញ្ចេញសូរចំលែកៗរឹតតែបង្កើនដួងចិត្តពួកទេសច​រណ៍ឲ្យអណ្តែតអណ្តូងថែមទៀតផង។

យើងឈានជើងចូលទៅ ក្នុងបរិវេណគុកគុហាបុរាណនេះ យើងប្រទះឃើញរាងរៅជាបួនជ្រុងទ្រវែងបែរមុខឆ្ពោះទៅខាងកើតចំមានតែទ្វារចូលពីខាងកើតមក ឯខាងជើងនិងខាងត្បូងមានតែបង្អួចទេ។សព្វថ្ងៃជញ្ជាំងជុំវិញ នៅគង់ទ្រង់នៅឡើយដែលយើងនិយាយមកហើយថា មានដើមឈើធំៗដុះពីលើនោះឯង។រីឯដំបូល ឬកំពូលប្រាង្គវិញគ្មាននៅសល់បន្តិចទេ សព្វថ្ងៃនៅតាលហាលរកឲ្យយើងសន្និដ្ឋានថា តើប្រាង្គគុហានេះពីដើមឡើយមានកំពូលដូច្នេះ ឬដូច្នោះពុំបានឡើយ ឃើញមានតែថ្មធ្លាក់មកគរនៅកណ្តាលបរិវេណ តែមានថ្មខ្លះមានរាងរៅទំនងជាថ្នាក់កំពូលគឺក្បាច់ត្របកឈូកដែលគេសម្រាប់បន្តុបធ្វើជាកំពូលប្រាង្គ ធ្លាក់មកគរលាយឡំជាមួយថ្មដទៃទៀតច្រើនផង។ទំហំតួប្រាសាទនេះមានបណ្តោយប្រមាណ ២០ម៉ែត្រ ទទឹង១៥ម៉ែត្រប៉ុណ្ណោះ។ដុំថ្មទាំងនោះភាគច្រើនជាថ្មបាយក្រៀមពុំសូវមានថ្មសំលៀងដែលឆ្លាក់ជាក្បាច់ក្បូរឆើតឆាយអ្វីឡើយប្រទះឃើញតែផ្តែ«Linteau»មួយដែលមានឆ្លាក់ជារូបព្រះនារាយណ៍នៅចំកណ្តាលនិងក្បាច់ស្លឹកភ្ញឹកនៅព័ទ្ធព័ន្ធជុំវិញ។ការទស្សនាបុរាណដ្ឋាននេះធ្វើបានស្រួលតែនៅរដូវប្រាំងជាជាងរដូវវស្សាហើយពេលថ្មើរមាណក៏មិនទាស់ ព្រោះមានដើមឈើធំៗត្រជាក់ត្រឈៃមិនព្រួយពីក្តៅឡើយ ប៉ុន្តែពេលល្ងាចឆាប់ងងឹតបន្តិចដោយសារម្លប់ឈើធំទាំងនោះ។ភាគច្រើនអ្នកទស្សនាទីកន្លែងនេះគេចូលចិត្តទៅនៅពេលព្រឹកប្រមាណជាម៉ោង៨-៩ព្រោះបានឱកាសវែងបន្តិច គឺទៅដល់ហើយគេទស្សនាទីបុរណទាំងនេះឲ្យសព្វគ្រប់រហូតដល់ម៉ោង១១-១២ថ្ងៃត្រង់ បន្ទាប់មកគេរៀបម្ហូបម្ហារអាស្រ័យតាមបែបដើរព្រៃ អាស្រ័យរួចគេសម្រាកដេកលេងក្រោមដើមឈើដ៏ត្រជាក់ត្រឈៃរហូតម៉ោង ២-៣ទើបក្រោកឡើងងូតទឹកលេងលុះដល់ម៉ោង៤-៥រសៀល ទើបចេញដំណើរត្រឡប់មកលំនៅវិញ៕

Facebook Comments
Loading...