ការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលទៅសហគមន៍ ទាមទារនូវការបង្កើនសមត្ថភាពត្រួតពិនិត្យពីក្រុមគ្រូពេទ្យជំនាញ

0
2311

ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីដាំកូនឈើនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលទៅសហគមន៍ ទាមទារនូវការបង្កើនសមត្ថភាពត្រួតពិនិត្យ និងស្វែងរកអ្នកសង្ស័​យឆ្លងជំងឺដ៏កាចសាហាវនេះពីក្រុមគ្រូពេទ្យជំនាញ និងកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលរកឃើញករណីសង្ស័យបានលឿន និងទាន់ពេលវេលា គឺអាចកាត់បន្ថយការចម្លងជំងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប្រកប​ដោយប្រសិទ្ធភាព។ ឯកឧត្តមនៅតែបន្តណែនាំដល់ប្រជាពលរដ្ឋ ត្រូវរក្សានូវភាពអនាម័យជាប្រចាំ និងឱ្យបានញឹកញាប់ តាមរយៈលាងដៃជាមួយទឹកស្អាតនឹងសាប៊ូ ឬទឹកអាល់កុល ឬទឹកជែល និងបរិភោគអាហារដែលឆ្អិនល្អ រក្សាគម្លាតសុវត្ថិភាព ជាដើម។
លោកបានបន្តថា មានតែវិធានការពារ តាមរយៈឱ្យអ្នកសង្ស័យឆ្លងជំងឺនេះធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងការអនុវត្តអនាម័យរបស់ប្រជាពលរដ្ឋជាប្រចាំប៉ុណ្ណោះ ទើបអាចទប់ស្កាត់កុំឱ្យរីករាលដាលចូលសហគមន៍បាន។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៦៦នាក់ ក្នុងនោះចំនួនអ្នកជាសះស្បើយ២២០នាក់ ខណៈចំនួន៤៦នាក់ កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ៕

Facebook Comments
Loading...