ភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារថ្មីនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចប្បន្នអ្នកទោសគ្រឿងញៀនបានកើនឡើងយ៉ាងកំហុក ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងក្នុងសុខភាព ដូចនេះភាគីពាក់ព័ន្ធទាំងអស់ខិតខំដោះស្រាយឲ្យបាននូវបញ្ហាប្រឈមនៃភាពចង្អៀតណែន ដោយសារកំណើនខ្ពស់នៃចំនួនអ្នកជាប់ឃុំ ជាមួយការរក្សាបាននូវសន្តិសុខ សុវត្ថិភាពការកាត់បន្ថយបទល្មើសនានាក្នុងពន្ធនាគារផងដែរ។
ជាមួយគ្នានោះសម្តេចក្រឡាហោម ស ខេងក៏ បានស្នើរដល់អគ្គនាយកភស្តុភា និងអគ្គនាយកពន្ធធានាគារធ្វើការសិក្សារួមគ្នា ក្នុងការពង្រីកបន្ថែមនូវអគារពន្ធនាគារ ខណៈអ្នកទោសគ្រឿងញៀនបានកើនឡើងយ៉ាងកំហុក ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងក្នុងសុខភាពរបស់អ្នកទោសនោះ។សម្តេចក្រឡាហោម បានលើកឡើងថា នាពេលបច្ចុប្បន្ននេះអ្នកទោសនៅទូទាំងប្រទេសរាប់ម៉ឺននាក់ ហើយនៅក្នុងពន្ធនាគារ ម១ និងម២ច្រើនជាងគេ ដែលត្រូវធ្វើការពង្រីកបន្ថែមនូវអគារ ហើយក៏មានការកើនឡើងជាបន្តបន្ទាប់នោះ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យអគ្គនាយកពន្ធធនាគារត្រូវបញ្ចេញអ្នកទោសក្នុងពន្ធនាគារបច្ចុប្បន្ននេះពីប្រាំមួយពាន់នាក់ទៅប្រាំពីរពាន់នាក់ក្នុងមួយថ្ងៃៗ ដើម្បីឲ្យពួកគាត់ធ្វើការហាត់ប្រាណបន្ថួរសរសៃ ដោយសារតែការអង្គុយយូរឬឈរយូរពេកនាំឲ្យពួកគេចុកដៃចុកជើងនោះ។
សូមរំលឹកថា លោក ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ជំនួស លោក ចាន់ គឹមសេង ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕