នារីម្នាក់ទៅស៊ីឈ្នួលដកស្មៅដំឡូងទាំងមេឃកំពុងធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

0
1352

បន្ទាយមានជ័យ ៖ នារីម្នាក់ដោយសារជីវភាពក្របានទៅស៊ីឈ្នួលដកស្មៅដំឡូងឲ្យគេត្រូវរន្ទះបាញ់ស្លាប់ពេលមេឃកំពុងធ្លាក់ភ្លៀង នៅវេលាម៉ោង ៣និង៣០នាទីល្ងាចថ្ងៃទី១ខែមិថុនា ឆ្នាំ២០២០ នៅចម្ងាយប្រមាណ៥០០ម៉ែត្រខាងត្បូងភ្នំចង្រ្កានយក្សជាប់ព្រំប្រទល់ ខេត្តបន្ទាយមានជ័យ និងឧត្តមានជ័យ ក្នុងភូមិបន្ទាយអំពិល ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នេះគឺជាជនរងគ្រោះទី២ហើយ ដែលបានស្លាប់ដោយសាររន្ទះបាញ់ បន្ទាប់ពីក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ដែលបានស្លាប់ដោយរន្ទះបាញ់និងយុវតីម្នាក់ទៀតរងរបួស កាលពីល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅស្រុកស្វាយចេក។ ជនរងគ្រោះមានឈ្មោះ ឆាន សុភា ភេទស្រី អាយុ២៣ឆ្នាំ ជាពលរដ្ឋរស់នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថាតាមការរៀបរាប់បំភ្លឺរបស់ប្រជាពលរដ្ឋក្នុងភូមិដែលទៅស៊ីឈ្នួលជំរះស្មៅនោះដែរបានឲ្យដឹងថា នៅថ្ងៃមុនពេលកើតហេតុជនរងគ្រោះ រួមទាំងប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននាក់ទៀតក្នុងភូមិ បាននាំគ្នាទៅស៊ីឈ្នួលជំរះស្មៅដំឡូងមីឲ្យគេនៅ ខាងត្បូងភ្នំចង្រ្កានយក្ស ចម្ងាយ៥០០ម៉ែត្រ នៅពេលមេឃកំពង់រកនឹងភ្លៀងគេឃើញ ជនរងគ្រោះបានយកទូរស័ព្ទច្រកថង់មកដាក់ក្នុងថ្នក់សំពត់ខាងមុខសង្ស័យមិនបានបិទទូរស័ព្ទបានមួយសន្ទុះក៏ស្រាប់តែត្រូវរន្ទះស្លាប់ភ្លាមៗនៅនឹងកន្លែងជំរះស្មៅនោះតែម្តង ចំណែកអ្នកជំរះក្បែរនោះ ប្រមាណ៣០នាក់ មិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។ទាក់ទិននឹងករណីរន្ទះបាញ់នេះ ដែរ អធិការស្រុកថ្មពួក លោកវរសេនីយ៍ឯកសៅ សារឿន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលចេញទៅធ្វើការនៅវាលស្រែឬចំការ នៅពេលផ្ទៃមេឃជិតភ្លៀង និងមានផ្គររន្ទះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវរកទីកន្លែងមានសុវត្ថិភាពដើម្បីច្រក ពិសេស មានប្រើប្រាស់ទូរស័ព្ទដៃ គឺត្រូវបិទសិន ខ្លាចក្រែងដូចជាករណីជនរងគ្រោះនេះជាដើម៕

Facebook Comments
Loading...