រថយន្តដឹកទឹកកក បើកវ៉ាជែងដែលមានល្បឿនលឿនក្រឡាប់សង្កត់លើម៉ូតូស្លាប់២នាក់និងរបួសធ្ងន់១នាក់

0
809

បន្ទាយមានជ័យ ៖ រថយន្តដឹកទឹកកកបើកវ៉ាជែងដែលមានល្បឿនលឿន ក្រឡាប់សង្កត់លើម៉ូតូបណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់១នាក់នៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាជនរងគ្រោះដែលរថយន្តដឹកទឹកកក្រឡាប់លើម៉ូតូនោះមាន ឈ្មោះ ផុន សារួន ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរមានឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិជាមួយគ្នា ស្លាប់នៅមន្ទីរពេទ្យ រីឯអ្នកបើករថយន្តដឹកទឹកកករបួសធ្ងន់បាក់ភ្លៅឆ្វេងឈ្មោះ រឿន ឈុយ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថានៅមុនពេលកើតហេតុរថយន្តដឹកទឹកកក ផ្លាកលេខ បន្ទាយមានជ័យ 3A-1190 បើកពីកើតទៅលិចក្នុងល្បឿនលឿនលុះបើកមកដល់កន្លែងកើតហេតុបានឡើងជែងរថយន្ត១គ្រឿងផ្សេងទៀតពេលមានឧបសគ្គខាងមុខប្រឹង កាច់ចង្កូតទៅស្តាំដៃវិញ ដោយលឿនលៀនពេកក៏បណ្តាលឲ្យរថយន្តក្រឡាប់សង្កត់លើម៉ូតូដែលកំពុងធ្វើដំណើរអមន៨ងខ្លួនម៉ាកហុងដាទ្រីមសេ125ផ្លាកលេខបន្ទាយមានជ័យ 1F-9337 ដែលកំពុងបើកពីលិចមកកើតច្រាស់ទិសគ្នាបណ្តាលស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែង អ្នករួមដំណើរស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ ចំណែកអ្នកបើបររថយន្តដឹកទឹកកក របួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យផងដែរ។

លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់បន្ថែមថាមូលហេតុ ដែលបង្កឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើករថយន្តដឹកទឹកកក បើកវ៉ាជែងដែលមានល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់ ពេលមានឧបស័គ្គខាងមុខ។រថយន្តនិងម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿងត្រូវនគរបាលយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...