ធនាគារជាតិនៃកម្ពុជាប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១$ ២$ និង ៥$ នៅតែចាយបានជាធម្មតាលើទីផ្សារ មិនមានការហាមឃាត់នោះទេ

0
872

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្តីប្រកាសព័ត៌ មានផ្លូវការមួយ បញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយ បានដូចធម្មតា នៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងផ្អាក ការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកទាំងនេះ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែប៉ុណ្ណោះ។

ការបញ្ជាក់ របស់ធនាគារជាតិនៃកម្ពុជាបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១$ ២$ និង ៥$ និងផលវិបាក របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់ គ្រង ប្រភេទក្រដាសប្រាក់ ទាំងនេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាប ក្នុងទីផ្សារ អង្គប្រជុំបានឯកភាព ដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលា ចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារ អាមេរិក ប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយ ឥតគិតកម្រៃសេវា

*បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូន ចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិន មានកម្រៃសេវាទេ*ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅ កំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំង ស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិ ពីតំណាងក្នុងវិស័យលក់ រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិន មានន័យថា ជាការហាមឃាត់ចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗទាំងនេះ នៅលើទីផ្សារ នោះទេ៕

Facebook Comments
Loading...