ភ្នំពេញ ៖ កីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងសាកកណ្តាប់ដៃនិងកីឡាករឡុង បេនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័នកីឡា ខណៈកីឡាករពុទ្ធ ម៉ាណូយ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ៏យ ជួបកីឡាករលាភ សំណាង អ្នកប្រដាល់នៃក្លិបកងពលលេខ៧០ លើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។
ការជួបគ្នារវាងឌុម កែវដា និងកីឡាករឡុង បេនលឿន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
រីឯកីឡាករ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការប្រកួតនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដជាឈ្នះជាក់ជាមិនខាន។ ចាំមើលកីឡាករឌុម កែវដា អាចយកឈ្នះលើកីឡាករថៃឡុង បេនលឿន ដូចការអះអាងដែរឬយ៉ាងណា?។
ដោយឡែកកីឡាករពុទ្ធ ម៉ាណូយ ត្រូវជួបជាមួយលាភ សំណាង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករលាភ សំណាង ជាកីឡាករជើងចាស់ចំណែកឯកីឡាករពុទ្ធ ម៉ាណូយ ជាកីឡាករជើងថ្មីដែលទើបនិងវាយឡើងស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ហើយកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ចំណែកកីឡាករជើងចាស់លាភ សំណាង ស្នៀតខ្លាំងរបស់គេគឺជើងទាត់ និងកណ្តាប់ដៃ តែគេអន់ខាងកម្លាំងស៊ុហ្វ បើគូប្រកួតវាយបុកខ្លាំងគេមិនអាចទប់បាន៥ទឹកនោះទេ។ បើទោះជាយ៉ាងនេះក្តីលាភ សំណាង មានបទពិសោធពេញខ្លួនអាចកំដរសិស្សប្អូនបានមិនខ្លាចរអាឡើយ។ ចាំមើលពុទ្ធ ម៉ាណូយ និងលាភ សំណាង នរណាជាអ្នកឈ្នះ?៕