កម្មករដើរប្រមូលសំរាមខ្វះការប្រុងប្រយ័ត្នហក់តោងរថយន្តដឹកសំរាមកំពុងបើករអិលរបូតដៃធ្លាក់ចូលកង់ក្រោយកិនស្លាប់

0
987

កណ្តាល ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែកម្មករដើរប្រមូលសំរាមរបស់ក្រុមហ៊ុនបរិស្ថានភូមិយើងប្រចាំស្រុកពញាឮខ្វះការប្រុងប្រយ័ត្នដោយហក់តោងរថយន្តដឹកសំរាមកំពុងបើកបរក៏ភ្លាត់ស្នៀតរអិលរបូតដៃធ្លាក់ចូលកង់ក្រោយរថយន្តក៏បណ្ដាលឲ្យកិនស្លាប់នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។

បើយោងតាមប្រភពពីសមត្ថកិច្ចស្រុកពញាឮបានឲ្យដឹងថាក្រោយពីទទួលបានដំណឹងពីគ្រោះចរាចរណ៍ខាងលើ លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮបានបញ្ជារឲ្យកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ អ៊ុ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នកបើកបររថយន្តដឹកសំរាមមួយគ្រឿងម៉ាក HYUNDAI ពណ៌បៃតង គ្មានផ្លាកលេខ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានដដែលបានបន្តឲ្យដឹងទៀតថាជនរងគ្រោះឈ្មោះ កែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជាមួយគ្នានោះដែរសមត្ថកិច្ចមូលដ្ឋានស្រុកពញាឮបានបង្ហាញឲ្យដឹងទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានរថយន្តដឹកសំរាមមួយគ្រឿងម៉ាក HYUNDAI ពណ៌បៃតង គ្មានផ្លាកលេខបើកបរដោយឈ្មោះ អ៊ុ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ បើកបរប្រមូលសំរាមដែលមានទិសដៅពីត្បូងទៅជើង គឺពីភ្នំពេញ ទៅបាត់ដំបង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ កម្មករដែលដើរប្រមូលសំរាមបានរត់តោងរថយន្ត ដោយរអិលដៃធ្លាក់មកក្រោមក៏ត្រូវបានរថយន្តកិនចំកង់ក្រោយផ្នែកខាងស្តាំ ចំក្បាលជនរងគ្រោះឈ្មោះ កែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំពោះសាកសពត្រូវបានប្រគល់ជូនឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

លើសពីនេះទៀត បើយោងតាមការសនិ្នដ្ឋានរបស់សមត្ថកិច្ចជំនាញស្រុកពញាឮដដែលបានបញ្ជាក់ឲ្យយ៉ាងដូច្នេះថាករណីខាងលើនេះបណ្តាលមកពីកម្មករដែលជាអ្នកដើរប្រមូលសំរាមនោះមានការធ្វេសប្រហែសដោយរត់តោងរថយន្តកំពុងបើកបរក៏រអិលរបូតដៃធ្លាក់មកក្រោមចំកង់រថយន្តខាងក្រោយជាហេតុបង្ករឲ្យមានគ្រោះថ្នាក់កើតឡើង៕

 

Facebook Comments
Loading...