កីឡាបរទេស ៖ បន្ទាប់ពីត្រូវបានផ្អាកដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19 មួយរយៈមកលីគបាល់ទាត់អង់គ្លេស EFL (Championship, League One, League Two) នឹងវិលត្រឡប់មកកាន់ការប្រកួតខ្លួនវិញ នៅក្នុងខែមិថុនាខាងមុខនេះ ប៉ុន្តែតម្រូវឱ្យលេងដោយគ្មានអ្នកទស្សនាផ្ទាល់ ។
លិខិតមួយរបស់ប្រធាន EFL លោក Rick Parry បានផ្ញើទៅដល់ក្លិបទាំង៧១ ដោយបានជូនដំណឹងថា គ្មានការហ្វឹកហាត់ណាមួយត្រូវបានធ្វើឡើយរហូតដល់ថ្ងៃទី ១៦ ខែឧសភា។ EFL សង្ឃឹមថាយុទ្ធនាការលីគរដូវកាលនេះ អាចនឹងបញ្ចប់នៅរដូវក្តៅឆ្នាំនេះ។
ក្នុងនោះរូបមន្តថ្មី នឹងត្រូវបានប្រើដោយចំណាយរយៈពេលត្រឹម ៥៦ថ្ងៃដើម្បីបញ្ចប់លីគរដូវកាលនេះ។ ក្រុមបាល់ទាត់នៃលីគទាំងនេះ អាចតម្រូងលេងឱ្យ២ប្រកួតក្នុងមួយសប្តាហ៍ ។ក្នុងលិខិតរបស់ EFL បានសរសេរទៅកាន់សមាជិករបស់ខ្លួនថា «វាជាការសម្រេចចិត្តដែលប្រកបដោយសុវិត្ថភាពដើម្បីបន្តលីគ។ យើងប៉ាន់ស្មានថាលីគនឹងត្រូវចំណាយពេលប្រហែល ៥៦ថ្ងៃដើម្បីបំពេញការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ (រាប់បញ្ចូលទាំងការប្រកួតជម្រុះផងដែរ)»។
«យើងប្តេជ្ញាធានាថា ក្លិបត្រូវបានផ្តល់រយៈពេលជូនដំណឹងសមស្រប ដើម្បីធានាថាពួកគេអាចរៀបចំ និងត្រៀមខ្លួនបានដោយសារទំហំ និងផលប៉ះពាល់នៃការពន្យារពេល»៕