0
990

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម កៀកស្មានិងកីឡាករលី ភា អ្នកប្រដាល់មកពីក្លិបប៉ែកកាក់គុនខ្មែរ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ ភិតសាយហ្វា និងកីឡាកររុងតាក់វ៉ាន់ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២០នេះ។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាករថៃ ភិតសាយហ្វា ហើយត្រូវបានអ្នក​ស្នេហា​វិស័យកីឡាប្រដាល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះមានភាគរយឈ្នះត្រឹមហាសិបប៉ុណ្ណោះ បើទោះជាពួកគេខានជួបគ្នាយូក៍ដោយ។

កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាក​មិនខាន។ ព្រោះ​កីឡាករថៃភិតសាយហ្វានេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀននាប្រទេសកម្ពុជា ជាច្រើន​លើក មក​ហើយ ដោយ​មានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជាទៀតផង។ ចាំមើលកីឡាករប៉ោ ភារិទ្ធ ជាអ្នកឈ្នះឬកីឡាករថៃភិតសាយហ្វា?។

ការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃរុងតាក់វ៉ាន់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃ ភាគច្រើនវិជ្ជាគុនរបស់គេមិនខុសគ្នាប៉ុន្មាននោះទេ គឺពូកែខាងជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ហើយគេមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាកររុងតាក់វ៉ាន់នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...