តើយុត្តិធម៌មានទេ! ករណីវាយសម្លាប់ នៅស្រុកពារាំង ខេត្តព្រៃវែង ជនសង្ស័យ បន្តរស់មានសេរីភាព

0
787

ភ្នំពេញ ៖ គ្រួសារជនរងគ្រោះកំពុង រងចាំយុត្តិធម៌ ប៉ុន្តែហាក់ដូចទន្ទឹងផ្លូវមួយ កាន់តែឆ្ងាយទៅៗ ព្រោះតែសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដូចជាអូសបន្លាយ ដំណើររឿង ទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ រយៈពេលជាង២ឆ្នាំទៅហើយ ដែលជនរងគ្រោះស្លាប់យ៉ាងអយុត្តិធម៌ជាទីបំផុត។ ងាកមកខាងតុលាការ ខេត្តព្រៃវែងវិញ ក៏ឆ្ងាត់បាត់សូន្យឈឹង ហាក់ដូចជា ផ្អឹបសំណុំរឿងឃាតកម្មមួយនេះទុកចោលមិនអើពើ។

ជួបជាមួយ បងប្រុសបង្កើតជនរងគ្រោះឈ្មោះ រី រីម អាយុ៤០ឆ្នាំ បានរៀបរាប់អោយដឹងថា ប្អូនប្រុសរបស់លោក ត្រូវបានក្មេងទំនើងមួយក្រុមរៀបគម្រោងព្រួតវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដែលហេតុការណ៍នេះកើតឡើង កាលពីម៉ោង១០ និង៣០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេល ជនរងគ្រោះឈ្មោះ រី ដារ៉ា រួមជាមួយមិត្តភ័ក្រ្ត កំពុងឈរមើលគេរាំនៅក្នុងវត្តចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ស្រាប់​តែមានក្មេងទំនើងមួយក្រុម គប់ដុំថ្ម មកលើមួយគេ (ភាគីជនរងគ្រោះ) ហើយក្រុមជនរងគ្រោះ ក៏បានទៅសួរនាំ ប៉ុន្តែភាគីជនបង្ក ដែលគេស្គាល់ឈ្មោះ ពឿន ពី និងឈ្មោះ ឡាត់ ហួរ បានបដិសេធ និងបានប្រើពាក្យ គំរាមថា “យប់នេះពួកហ្អែងអត់រួចខ្លួនទេ” រួមក៏បែកហ្វូងអស់ទៅ។

បងប្រុសជនរងគ្រោះបន្តថា ក្រោយពីសួរនាំរួចហើយ ក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីវត្ត ពេលដែលចេញមក ពួកគេបានឃើញមនុស្សមួយក្រុម កំពុងដើរចុះឡើង ខណៈពេលដែលមានភ្លើងឡានបញ្ចាំងទៅ ក្រុមជនរងគ្រោះ ក៏បានសម្រេចចិត្ត មិនត្រឡប់ទៅផ្ទះផ្លូវនោះទេ ដោយជិះត្រឡប់ក្រោយវិញ ព្រោះរង់ចាំអោយស្ងប់បន្តិច ក្រែងមនុស្សមួយក្រុមនោះ បំបែកគ្នាអស់។

លោក រី រីម បន្ថែមថា ប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះ បានជិះបកក្រោយតាមម៉ូតូ២គ្រឿង លុះមកដល់កន្លែងកើតហេតុ ក៏មានក្រុមជនសង្ស័យ ប្រហែលជា១០នាក់ ចេញមកវាយតែម្តង ដោយបានវាយសម្លាប់ ឈ្មោះ រី ដារ៉ា ដែលត្រូវជាប្អូនប្រុសរបស់ខ្លួន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមិត្តភ័ក្រ្តម្នាក់ទៀត រងរបួសធ្ងន់បាក់ភ្លៅទាំងពីរ។

អ្វីដែលធ្វើអោយក្រុមគ្រួសារជនរងគ្រោះ ហួសចិត្តនោះ គឺក្រុមជនសង្ស័យ ត្រូវបានសាក្សីស្គាល់មុខហើយ ហេតុអី មិនចាប់ឃាត់ខ្លួន ទុកអោយជនសង្ស័យ ដែលជាជនបង្ក មានសេរីភាព និងដើរបង្កភាពអាណាធិបតេយ្យ ជាធម្មតា។ ក្នុងនោះដែរចំពោះចំណាត់ការ ក៏ហាក់ដូចជាអូសបន្លាយ កាន់តែយូរទៅ មិនមានពេលកំណត់សោះ ដោយក្រុមគ្រួសារជនរងគ្រោះ កំពុងរងចាំយុត្តិធម៌ ដ៏សែនឆ្ងាយដូចជើងមេឃ។

ជាចុងក្រោយក្រុមគ្រួសារជនរងគ្រោះ ក៏សូមសំណូមពរ ដល់ប្រព័ន្ធតុលាការ សមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ជួយពន្លឿនក្នុងការបង្ហាញពន្លឺ យុត្តិធម៌ ដល់គ្រួសារជនរងគ្រោះ ជាពិសេសដល់សពអ្នកដែលត្រូវបានជនដៃដល់សម្លាប់យ៉ាងសាវហាវផង។ អស់រយៈពេលជា២ឆ្នាំមកហើយ ដែលជនសង្ស័យ នៅតែបន្តមានសេរីភាព ដើរហើរពេញភូមិដដែល។ ហើយក៏សូមសំណូមពរដល់ប្រមុខថ្នាក់នាំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ជួយផង។

ក្នុងករណីឃាតកម្មនេះផងដែរក៏មានលោកអធិការរងស្រុកពារាំងម្នាក់ បានបោះពាក្យសំដីដល់គ្រួសារជនរងគ្រោះថា សំណុំរឿងនេះ គឺលោកសរសេរថាជាករណី គ្រោះថ្នាក់ចរា​ចរណ៍ មិនអាចទៅជារឿងឃាតកម្មនោះទេ ទោះឡើងទៅដល់ណាក៏ដោយ។ មិនដឹងថាលោ​ក​អធិការរងស្រុកពារាំង រូបនេះ និយាយក្នុងន័យការពារក្រុមជនសង្ស័យ ឬយ៉ាងណានោះទេ។ មជ្ឈដ្ឋានទូទៅ ហាក់មានចម្ងល់យ៉ាងខ្លាំង ទៅលើមន្រ្តី និងអាជ្ញាធរមូលដ្ឋាន ដែលជាអាណាព្យាបាល យ៉ាងកក់ក្តៅ ដល់ប្រជាពលរដ្ឋ ក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែរឿងខាងលើនេះ ហេតុអ្វីក៏ទុកចោល មិនអើពើយកចិត្តទុកដាក់ដោះស្រាយទុកចោល៕

Facebook Comments
Loading...